កែប៖ ព្រៃកោងកាងជាច្រើនហិកតារ កំពុងរងផលវិនាស ដោយបុគ្គលមានឥទ្ធិពល និងមានលុយដាក់គ្រឿងចក្រនប្រភេទ អេស្កាវ៉ាទ័រ ធ្វើសកម្មភាពកាយរំលោភទន្ទ្រានកាន់កាប់ ឈូសឆាយ និងកាយព្រំហុំព័ទ្ធជុំវិញ ដើម្បីរំលោភយកធ្វើកម្មសិទ្ធឯកជន ដោយគ្មានអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធចុះហាមឃាត់ ឬបង្ក្រាឡើយ។
ពាក់ព័ន្ធករណីពលរដ្ឋចោទប្រកាន់បុគ្គលមានអំណាច មានលុយយកគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក និងព្រៃកោងកាងរំលោភយកធ្វើកម្មសិទ្ធយ៉ាងរំភើយនេះ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានអះអាងថា «ទីតាំងដីនោះជាដីកម្មសិទ្ធស្របច្បាប់របស់គេ ដោយមានប្លង់កម្មសិទ្ធស្របច្បាប់ មិនមែនជាដីកម្មសិទ្ធរបស់ស្អីទេ»។
ជាក់ស្តែង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សកម្មភាពគ្រឿងចក្រកំពុងធ្វើសកម្នភាពគាស់កកាយបំផ្លិចបំផ្លាញព្រៃលិចទឹក និងកោងកាង ជាជម្រកសត្វព្រៃ និងមច្ឆាជាតិ ដែលជាសម្បត្តិសាធារណរបស់រដ្ឋ កំពុងកើតមានយ៉ាងអនាធិបតេយ្យ ស្ថិតត្រង់ចំណុច កោះស្ករ នៅក្នុងភូមិសាស្ត្រ ភូមិទួលសាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ព្រៃលិចទឹកនិងព្រៃ កោងកាង ដែលជាសម្បត្តិសាធារណៈ របស់រដ្ឋរាបសិបហិកតារកំពុងរងវិនាសកម្មស្ទើទាំងស្រុងដោយសារអ្នកមានលុយ មានអំណាចឃុបឃុតជាមួយអាជ្ញាធរថ្នាក់ក្រោមរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ សេចក្តីរាយការណ៍ឲ្យដឹងទៀតថា តំបន់ដែលកំពុងរងការឈូសឆាយនោះ ជាប្រភេទដីព្រៃកោងកាង និងខ្លះទៀតព្រៃលិចទឹកជាសម្បត្តិរបស់រដ្ឋ នៅតាមបណ្តោយមាត់ព្រែក និងដៃព្រែក ក្នុងស្រុកដំណាក់ចង្អើរ គ្របដណ្តប់ដោយព្រៃកោងកាងព្រៃលិចទឹក និងដើមឈើចម្រុះជាជម្រកមច្ឆាជាតិបន្តពូជពងកូនផងដែរ។
សេចក្តីរាយការណ៍បានបន្ថែមទៀតថា តំបន់ព្រៃលិចទឹក ព្រៃកោងកាងក្នុងរយៈពេលចុងក្រោយនេះ ក្រុមឈ្មួញជាអ្នកមានលុយមានអំណាច និងអ្នកខ្លះអាងខ្សែខ្នងមកកាប់ទន្រ្ទាន បំផ្លាញរំលោភយកទាំងបំពានយ៉ាងគគ្រឹកគគ្រេង គ្មានស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ក៏ដូចជាសួងពាក់ព័ន្ធចុះទប់ស្កាត់ ឬបង្ក្រាបឡើយ។
លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានថ្លែងប្រាប់ MSJ TV NEWS នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «ទីតាំងដីដែលកំពុងមានគ្រឿងចក្រឈូសឆាយនោះ គឺគេមានប្លង់កម្មសិទ្ធត្រឹមត្រូវស្របច្បាប់ ហើយឥឡូវគេធ្វើសកម្មភាពហ្នឹង ដើម្បីធ្វើកសិកម្មដំណាំដាំដើមដូង គ្មានការឈូសឆាយ ទន្ទ្រានយកដីរបស់រដ្ឋនោះទេ គឹដីគេមានប្លង់រឹង»។
ពាក់ព័ន្ធករណីមានការចោទប្រកាន់ខាងលើនេះ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់តាមទូសព្ទថា «ប្រសិនជាអាចសូមចុះមើលជាក់ស្តែងខ្លួនឯកបានអត់ ព្រោះសុខមិនអាចមកឈូសឆាយអញ្ចឹងបានទេ។ បើអញ្ចឹងដល់ស្មើនេះបែបមិនរួចខ្លួនទេគ្រឿងចក្រ ត្រូវជាប់គុកមិនខាន។ ក្រែលលោលើដីគេមានប្លង មានប័ណ្ណកម្មសិទ្ធអីដឹង ខ្ញុំមានជំនឿអញ្ចឹង! រហូតដល់ខាងក្រៅឃើញគ្រឿងចក្រហើយខាងក្នុងមើលមិនឃើញ ខ្ញុំមិនជឿទេ!»។
លោកអភិបាលខេត្តកែប បានបន្ថែមទៀតថា «ប្រសិនជាដីនោះគេឈូសឆាយអភិវឌ្ឍក្នុងដីរបស់គេមានប្លង់ ឬ ស.ជ.ណ. ត្រឹមត្រូវជារឿងមួយ គេមានសិទ្ធអភិវឌ្ឍលើដីឡូត៍របស់គេហើយ។ ឥឡូវនេះកន្លែងមាបប្រជាពលរដ្ឋអាស្រ័យផលដាំដូងអី...អញ្ចឹងមើលមួយភ្លេតដូចព្រៃលិចទឹក ប៉ុន្តែតាមពិតជាព្រៃរបេះរបោះដែលសិករិចរិលមានការដាំដុះអាស្រ័យផលពីប្រជាពលរដ្ឋ»។
លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា «បើមើលមួយភ្លេតដូចព្រៃលិចទឹក ប៉ុន្តែជាក់ស្តែងដីគេមានប្លង់កម្មសិទ្ធត្រឹមត្រូវ តែមានប្លង់ហើយគេមានសិទ្ធអភិវឌ្ឃ»។ ពាក់ព័ន្ធមានការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរក្នុងឈូសឆាយទីតាំងដីខាងដែរឬអត់នោះ? លោកអភិបាលខេត្តកែប បានបញ្ជាក់បន្ថែមថា «ឲ្យតែដីមានប្លង់ មានកម្មសិទ្ធគាត់មានសិទ្ធធ្វើការអភិវឌ្ឍលើដីរបស់ខ្លួនហើយទាំងយើងទាំងគេមានសិទ្ធឈូសឆាយ មានសិទ្ធដាំដុះ ប៉ុន្តែបើសិនជាសាងសង់ធ្វើរបងត្រូវតែសុំច្បាប់»។
ជុំវិញសកម្មភាពឈូសឆាយ ទន្ទ្រាន រំលោភកាន់កាន់ដីព្រៃលិចទឹក និងព្រៃកោងកាងខាងលើអង្គភាពយើងមិនទាន់សុំការបកស្រាយពីភាគីម្ចាស់ទីតាំងបានទេ ព្រោះគ្មានលេខដើម្បីភ្ជាប់ការទំនាក់ទំនង៕