2023-11-18 10:52
655

ភ្នំពេញ៖ ក្រោយពីឃើញក្នុងបណ្ដាញព័ត៌មានសង្គម Facbook បង្ហោះផ្សព្វផ្សាយ ថា “មានមន្ត្រី PM  មិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀនព្រោះឮថាខ្នងគេធំណាស់!” នៅថ្ងៃសៅរ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបញ្ជាក់ថា គឺ «ជាព័ត៌មានមិនពិត ក្លែងក្លែង និងឱ្យបុគ្គលដែលបង្ហោះផ្សព្វផ្សាយធ្វើការកែតម្រូវខ្លឹមសារអត្ថបទរបស់ខ្លួន ក្រោយពីទទួលបានការបកស្រាយ ឆ្លើយតបរបស់កងរាជអាវុធហត្ថ»។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យថា៖ តាមសេចក្តីរាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ថា៖ កាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុច ភូមិស្ពឺ(ក) ឃុំជ័យយោ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៥នាក់ ក្នុងនោះក៏មានឈ្មោះ នួន បញ្ញា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅរស់នៅ ភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ករណីមួយទៀត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ នួន បញ្ញា បានប្រព្រឹត្តសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិពេងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ពេលនោះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការចុះបង្រ្កាបតែបុគ្គលនេះ រត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញកងរាជអាវុធហត្ថ ក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម។ ក្រោយមក ឈ្មោះ នួន បញ្ញា មានដីកាចាប់ខ្លួន ចំនួន ០២ដីកា ក្នុងឆ្នាំ២០១៨ ចំនួន ០១ដីកា និងក្នុងឆ្នាំ២០២០ ចំនួន ០១ដីកាទៀត ហើយក្នុងឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនតាមដីកា បុគ្គលនេះត្រូវបានអនុវត្តដាក់ពន្ធនាគារម្តងរួចហើយ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ នួន បញ្ញា ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនលើកលែង ឬយោគយល់ បុគ្គលដែលប្រព្រឹត្តបទល្មើស ទោះបីបុគ្គលនោះជាយោធិន នៃកងរាជអាវុធហត្ថក្តីក៏ត្រូវតែអនុវត្តតាមច្បាប់ ឬវិន័យកងទ័ពដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប”។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស  បានបញ្ជាក់ទៀតថា អាស្រ័យដូចជម្រាបជូនខាងលើ ស្នើសុំបុគ្គលដែលបង្ហោះផ្សព្វផ្សាយធ្វើការកែតម្រូវខ្លឹមសារអត្ថបទរបស់ខ្លួន ក្រោយពីទទួលបានការបកស្រាយ ឆ្លើយតបរបស់កងរាជអាវុធហត្ថ និងសូមគោរពសាធារណជន អ្នកសារព័ត៌មានមេត្តាជ្រាបផងដែរ៕