ភ្នំពេញ៖ មុខសញ្ញាជនសង្ស័យម្នាក់ទៀត ដែលពាក់ព័ន្ធករណីករណីប្លន់ប្រដាប់អាវុធយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅខេត្តកំពតកាលពីសប្តាហ៍នោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាននៅទឹកដីខេត្តស្វាយរៀង។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នគរនាយកដ្ឋានព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង០០នាទី មានករណីលួចមានស្ថានទម្ងន់ទោសមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណខ្មៅ សេរី២០២៣ ប្រដាប់ដោយអាវុធខ្លី ០១ដើម មិនស្គាល់ម៉ាកបានធ្វើសកម្មភាពចូលក្នុងផ្ទះប្រជាពលរដ្ឋលក់ដូរ ឈ្មោះ សៅ ភាន់ ភេទស្រី អាយុ ៣៤ឆ្នាំ នៅចំណុច ភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ភ្ជង់ប្លន់យកគ្រឿងអល្លង្ការ លុយ និងទូរសព្ទ ហើយគេចខ្លួនបាត់តែម្តង។
ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និង ឧត្តមសេនីយឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ មានឈ្មោះ អេង កុសល ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ភូមិព្រៃតាព្រិត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងមុខសញ្ញាសេសសល់ម្នាក់ទៀតរត់គេចខ្លួន។
នាយកដ្ឋានព្រហ្មទណ្ឌបានបន្ថែមទៀតថា រហូតដល់ថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៥០នាទី កម្លាំងជំនាញរបស់នាយកដ្ឋានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋានបានដឹកនាំ និងបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអនុវត្តដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពត ជាមុខសញ្ញាសេសសល់ក្នុងករណី ឈ្មោះ កៅ ផា ហៅ ណៃ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ចំណុច ភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពដូចគ្នាថា «ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ជនរងគ្រោះខាងលើពិតប្រាកដមែន»។
បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត៕