កំពង់ស្ពឺ៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាឃាតករលាក់មុខ ដែលកើតមានឡើងជារៀងរាល់ថ្ងៃ ក្រុមយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការផ្សព្វផ្សាយច្បាប់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលឲ្យស្ថិតក្នុងកម្រិតទាបបំផុត។
សកម្មភាពផ្សព្វផ្សាយនេះ ក្នុងគោលបំណងបញ្ចៀបឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកបើកបរយានយន្ត និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ក្នុងការធ្វើដំណើរទាំងទៅ និងមករបស់បងប្អូនប្រកបដោយសេចក្តីសុខ និងសុវត្ថិភាព ក្នុងពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិផងដែរ។
ខាងលើនេះជាការលើកឡើងរបស់ លោក ស៊ុម អ៊ុយហាវ នាយករង សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ខណៈពេលដែលលោកអញ្ជើញចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ នាព្រឹកថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅរង្វង់មូលវិមានឯករាជ្យខេត្តកំពង់់ស្ពឺ ក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក ស៊ុម អ៊ុយហាវ នាយករង សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានបន្តទៀតថា៖ អ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៏ បើកបរមានសុវត្ថិភាព ពលរដ្ឋល្អបើកបរប្រកបដោយសុវត្ថិភាព បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ព្រមទាំងអ្នករួមដំណើរផងដែរ «មួកសុវត្ថិភាពមួយ ការពារជីវិតមួយ»។
លោកបានបន្ថែមទៀតថា៖ សូមអ្នកប្រើប្រាស់ផ្លូវទាំងអស់ កុំបើកបរយានយន្តក្នុងស្ថានភាពស្រវឹង! បើស្រវឹងកុំបើកបរ!, កុំបើកបរហួសល្បឿនកំណត់ដែលមានក្នុងច្បាប់, កុំនិយាយទូរសព្ទនៅពេលបើកបរយានយន្ត, កុំបើកបរវ៉ាប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់, បើកបរត្រូវមានសុជីវធម៌ និងគោរពសិទ្ធិអទិភាព គឺជាពលរដ្ឋល្អ, បើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវព្រមទាំងអ្នករួមដំណើរ, ត្រូវពិនិត្យយានយន្តឱ្យមានសុវត្ថិភាពល្អ មុនពេលបើកបរផងដែរ៕