2023-11-18 13:30
550

សៀមរាប៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានចុះផ្សព្វផ្សាយនៅក្នុងមូលដ្ឋានផ្ទាល់តាមរយៈការបញ្រ្ជាបការយល់ដឹងពីទិវាជាតិ ៩ធ្នូ និងរបៀបដាក់ពាក្យប្តឹងមក អ.ប.ព. ក្នុងភូមិសាស្ត្រខេត្តសៀមរាប អង្គភាព អ.ប.ព. បានសង្កេតឃើញថា «ប្រអប់សំបុត្រ ស ACU! ទទួលការចាប់អារម្មណ៍ពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាប តាមរយៈយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ ៩ធ្នូ»។ នេះបើយោងតាមចុះផ្សាយរបស់ អង្គភាព អ.ប.ព. នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

អង្គភាព អ.ប.ព. បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាល អាជីវករ និងប្រជាពលរដ្ឋ បង្ហាញភាពសប្បាយរីករាយដែលក្រុមការងារផ្សព្វផ្សាយអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ចុះផ្សព្វផ្សាយនៅក្នុងមូលដ្ឋានផ្ទាល់ តាមរយៈការបញ្រ្ជាបការយល់ដឹងពីទិវាជាតិ ៩ធ្នូ និងរបៀបដាក់ពាក្យប្តឹងមក អ.ប.ព.។ លើសពីនេះ ប្រជាពលរដ្ឋ បានសំណូមពរឱ្យមានប្រអប់សំបុត្រ ស ប្រចាំនៅខេត្តសៀមរាបផងដែរ។ 

សូមបញ្ជាក់ថា ប្រអប់ ស គឺជាប្រអប់សំបុត្រដែលសាធារណជនគ្រប់រូប អាចយកពាក្យប្តឹងស្តីពី អំពើពុករលួយ ឬការរាយការណ៍ពីអំពើពុករលួយណាមួយមកដាក់នៅក្នុងប្រអប់នេះ ហើយ អ.ប.ព. នឹងយកមកពិនិត្យគ្រប់ករណីទាំងអស់ ដែលបច្ចុប្បន្នប្រអប់ ស មាននៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ ជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយផ្សេងៗទៀត នៃការទទួលពាក្យប្តឹង ឬការរាយការណ៍ពីអំពើពុករលួយ។ 

អ.ប.ព. បានបញ្ចាក់ថា ដើម្បីអបអរសាទរទិវាជាតិ-អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ២០២៣ ខាងមុខនេះ នៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារផ្សព្វផ្សាយ (អ.ប.ព.) ក្រុមទី១ ដឹកនាំដោយ លោកស្រី សុខ សុផាន់នី ចុះយុទ្ធនាការផ្សព្វផ្សាយទិវា ៩ធ្នូ ចំនួន ១២ គោលដៅ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់។ 

សូមបញ្ជាក់ថា ទីតាំង អ.ប.ព. ចុះធ្វើការផ្សព្វផ្សាយទាំងនោះ រួមមាន៖ ១- ផ្សារលើធំថ្មី, ២- រដ្ឋបាលក្រុងសៀមរាប, ៣- ផ្សាររាត្រី (Pub Street), ៤- ផ្សារភូមិភាគ, ៥- អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តសៀមរាប, ៦- ផ្សារដើមក្រឡាញ់, ៧- សាលាសង្កាត់គោកចក, ៨- ប៉ុស្ត៍នគរបាលគោកចក, ៩- មណ្ឌលសុខភាពសៀមរាប, ១០- សាលាក្រុងសៀមរាប, ១១- ការិយាល័យច្រកចេញចូលតែមួយសាលាក្រុងសៀមរាប និង ១២ ផ្សាររាត្រីអង្គរឃ្យុងយូ៕