ភ្នំពេញ ៖ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការបកស្រាយអំពីវិធានការកែលម្អការគ្រប់គ្រងសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ ដោយលោកថ្លែងយ៉ាងដូច្នេះថា ៖ ចម្លើយខ្លីៗ៖ ថ្ងៃនេះ មានបងប្អូនកាសែត សួរខ្ញុំអំពីវិធានការកែលម្អការគ្រប់គ្រងសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ៖
១/. លើការពង្រឹងគុណភាពបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់យើង គឺត្រូវអភិវឌ្ឍទាំងអស់គ្នាជាប្រចាំ គឺទាំងរដ្ឋ និងឯកជន។ ការពិត ឯកជន ឈានមុខខ្លាំងជាងរដ្ឋផង លើការផ្សព្វផ្សាយនេះ។ ដូច្នេះ ត្រូវអភិវឌ្ឍសមត្ថភាពទាំងអស់គ្នា ដើម្បីអាចប្រៀបធៀបជាមួយតំបន់ និងអន្តរជាតិ។
២/. ដើម្បីអភិវឌ្ឍវិស័យសារព័ត៌មាន បើនិយាយលើ ក្រមសីលធម៌១មុខ គឺមិនគ្រប់គ្រាន់ទេ ហើយវាជាការមើលត្រឹមផ្នែកសម្បកខាងក្រៅ។ គេត្រូវមើលជ្រៅទៅខាងក្នុង គឺដោយត្រូវគិតគូរជាសំខាន់លើផ្នែកគាំទ្រ៖ ធនធានមនុស្ស ការដឹកនាំ បច្ចេកវិទ្យា និងថវិកា ទើបវាបានលទ្ធផល។ បញ្ហាបច្ចុប្បន្ន គឺជាទំនាស់រវាងបរិមាណ និងគុណភាព។ ស្ថាប័នមានវិជ្ជាជីវៈ គឺស្ទើរតែមិនមានបញ្ហាទេ។ បញ្ហាគឺនៅលើបគ្គលដែលគ្មានអង្គភាពត្រឹមត្រូវ។
៣/. កាសែតសួរថា មានសំណូមពរអ្វី? ការពិត ខ្ញុំមានជាលិខិត និងស្នើឱ្យពិចារណាយូរមកហើយ លើចំណុចដូចខាងក្រោម៖
– ធ្វើបទបញ្ញត្តិស្តីពីការចុះបញ្ជីសារព័ត៌មានកំណត់លក្ខខ័ណ្ឌជាអង្គភាព យ៉ាងហោច ៨នាក់ទៅ១០នាក់ឡើង។ បើបន្តចេញអជ្ញាបណ្ណឱ្យជាបុគ្គល គឺបញ្ហាដូចអង្គុយបក់ផ្សែង
– បង្កើនរយៈពេលសុពលភាពអជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ដោយគប្បីកែពី១ឆ្នាំម្តងទៅ៥ឆ្នាំម្តងយ៉ាងតិច។ វាជានីតិវិធីសាំញាំ ដែលគួរកែលម្អ។
– វិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥
– ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន
– គោលការណ៍ក្រមសីលធម៌ ៕