ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ដោយអនុវត្តន៍តាមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរ សេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ២នាក់ជាមួយថ្នាំញៀន០១ដុំធំ ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង៤រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ កាយ ចន្ទី ហៅ ខួច ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ២-ឈ្មោះ សៀន នីតា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE)ចំនួន០១ដុំធំ ទម្ងន់ ១០០១,៦០ក្រាម (ទាំងសំបក), ថ្នាំញៀនប្រភេទកេតាមីន (KE TAMINE)ចំនួន០១កូនថង់ទម្ងន់ ០,៥៩ក្រាម (ទាំងសំបក)ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់) ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តបន្តតាមនីតិវិធី៕