2023-11-20 10:05
408

ពោធិ៍សាត់៖ បុរសពីរនាក់បានស្លាប់ភ្លាមៗកន្លែង ខណៈពួកគេបើកម៉ូតូមិនពាក់មួកសុវត្ថិភាពឌុបគ្នាមិនប្រកាន់ស្ដាំហើយប្រើល្បឿនលៀនទៅបុករថយន្តកំពុងធ្វើចរាចរណ៍ច្រាស់ទិសគ្នាពេញទំហឹង។

ករណីកើតឡើងនៅ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ចន្លោះគីឡូម៉ែត្រលេខ (៨៨-៨៩) ចំណុចស្រែពាំង នៅវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ 

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសពីរនាក់ជិះម៉ូតូ ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចទៅកើតមិនប្រកាន់ស្តាំ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាក HYUNDAI COUNTY ពណ៌ លឿងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3B-7723 ឆ្នាំផលិត2000 ចង្កូតឆ្វេង ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់ភ្លាមៗ។ 

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញបានចុះអន្តរាគមន៍ដល់កន្លែងកើតហតុនឹងបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយកត្តា អ្នកបើកបរម៉ូតូ បើកបរមិនប្រកាន់ស្តាំ និងមិនពាក់មួកសុវត្ថិភាព តុល្យភាពនៃការខូចខាត បណ្តាលអោយខូចខាត ម៉ូតូ ០១គ្រឿង, រថយន្ត ០១គ្រឿង, ស្លាប់មនុស្ស ចំនួន ០២នាក់ប្រុស។ 

លោកអធិការបានបន្តថា ជនរងគ្រោះត្រូវបានសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លន ពុទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ ជឹម ជីម ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នករួមដំណើរស្លាប់កន្លែងកើតហេតុអ្នកទាំងពីរ មានទីលំនៅ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ 

បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង ម៉ូតូចំនួន ០១គ្រឿង រថយន្តចំនួន ០១គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង៕