ពោធិ៍សាត់៖ សិស្សានុសិស្សថ្នាក់ទី១២ នៅខេត្តពោធិ៍សាត់ ចំនួន ៧០៤នាក់ ដែលទើបប្រឡងបាក់ឌុប ត្រូវបានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងទទួលសម្របសម្រួលពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំផ្ទាល់ដោយឯកឧត្តម ងួន ប៉ោសេង អភិបាលរងខេត្ត ចុះទស្សនៈកិច្ចសិក្សា និងកំសាន្តទឹកដីខេត្តសៀមរាបអង្គវត្ត។
ដំណើរកំសាន្តទស្សនកិច្ចសិក្សា ត្រូវបានធ្វើឡើងនៅលើទឹកដីវប្បធម៏ខេត្តសៀមរាប មានរយៈពេល ១យប់ ២ថ្ងៃ ក្រោមប្រធានបទ «យុវជនពោធិសាត់ រួមគ្នាលើកស្ទួយទេសចរណ៍វប្បធម៌អង្គរមរតកជាតិ» ។
ក្នុងដំណើរកំសាន្តទស្សនកិច្វនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់ឱកាសដល់ប្អូនៗក្មួយៗសិស្សានុសិស្ស បានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនា ឬសិក្សាឈ្វេងយល់ អំពីតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រដ៏ល្បីល្បាញនានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ នៅក្នុងទឹកដីអង្គរនៃយើង រួមទាំងថតរូបទុកជាអនុស្សាវរីយ៍ នេះផង។
លោក ងួន ប៉ោសេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងឱ្យដឹងថា ចំពោះដំណើរកំសាន្តទស្សនកិច្ចការសិក្សា ជូនសិស្សានុសិស្សថ្នាក់ទី១២ ក្នុងខេត្តពោធិ៍សាត់ នាឱកាសនេះ គឺជាការឆ្លើយតបទៅនឹងការសន្យារបស់ថ្នាក់ដឹកនាំយើង នាឱកាសជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ទូទាំងខេត្ត និងរៀបចំរាត្រីសមោសរ បាញ់កាំជ្រួច អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅ៕