ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍ប្រពន្ធកាប់ប្តីរងរបួសនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវសាច់ញាតិដឹកបញ្ជូនយកទៅព្យាបាល ខណៈដែលប្រពន្ធឃើញប្តីថតរូបជាមួយក្មួយស្រីជីទួតមួយ ហើយទាស់ពាក្យសម្តី រករឿងវាយប្រពន្ធ ក្លាយជាហិង្សា ប៉ុន្តែត្រូវប្រពន្ធ ទាញយកកាំបិតផ្គាក់កាប់បុរសជាប្តីវិញ។
នគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើងបង្កដោយឈ្មោះ អ៊ី សុភ័ណ្ឌ ហៅ កំប្រ៉ុក ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិ ឃុំ កើត ហេតុ ត្រូវជាប្រពន្ធ បានធ្វើសកម្មភាព យកកាំបិតផ្គាក់ កាប់ទៅលើប្ដីរបស់ខ្លួនឈ្មោះ អោម ឈួន ភេទប្រុស អាយុ៤៤ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ (ត្រូវមួយកាំបិតចំស្មាខាងឆ្វេង) ហើយត្រូវបានសាច់ញាតិបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបានបន្តទៀតថា មូលហេតុដែលប្រពន្ធទាញកាំបិតកាប់ប្តី បណ្ដាលមកពីរឿងភ្លើងប្រចណ្ឌ ទើបឈានទៅដល់កាប់ប្តី។
នគរបាលបានបញ្ជាក់បន្ថែមថា នៅមុនពេលកើតហេតុ ប្រពន្ធឃើញប្ដីថតរូបជាមួយក្មេងស្រីម្នាក់ឈ្មោះ នី ដែលត្រូវជាក្មួយស្រីជីទួតមួយរបស់ខ្លួន។ ស្របពេល នោះ ប្ដីបានមកឱប លួងលោមប្រពន្ធ (ជនសង្ស័យ) តែប្រពន្ធ មិនឲ្យឱប ក៏កើតចិត្តខឹង ហើយកើតមានអំពើហិង្សាដោយប្ដី(ជនរងគ្រោះ)វាយទៅលើប្រពន្ធ។ ពេលនោះប្រពន្ធ ក្រឡេកឃើញកាំបិតផ្គាក់នៅក្បែរ ក៏រត់ទៅទាញយកកាំបិត កាប់ទៅកាប់លើប្ដី ត្រូវមួយកាំបិតចំស្មាខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។
បច្ចុប្បន្នជនសង្ស័យជាប្រពន្ធ ត្រូវបាននគរបាលឃាត់ខ្លួន និងដកហូតវត្ថុតាងខាងកាំបិតខាងលើ យកទៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕