2023-11-20 11:54
483

ភ្នំពេញ៖ បើតាមលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា​ កម្លាំងជំនាញ​ បានតាមស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់នូវជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដោយដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាគុប៥០ ពណ៌ខៀវ ពាក់ផ្លាកលេខតាកែវ ១J-១៥៤៨ ក្រោយពួកគេសហការគ្នាធ្វើសកម្មភាពចាក់ឆ្កិះសោបន្ទប់ និងកាច់បំបែកសោលួចយកម៉ូតូចំនួន២គ្រឿង របស់ជនរងគ្រោះបានសម្រេច ហើយរត់គេចខ្លួនបានត្រឹមប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ។

 លោកវរសេនីយ៍ទោ ម៉ម សាវន ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ព្រមទាំងក្រោមការឯកភាពពីតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ។

 លោក​នាយការិយាល័យ​រូបនេះ​ បានបញ្ជាក់បន្ថែមថា ការតាមស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់នូវជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់នេះ គឺបានអនុវត្តឡើងជំហ៊ានដំបូងឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់​ ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក នាវេលាម៉ោងប្រហែល២០៖០០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ទៀតថា នៅថ្ងៃខែឆ្នាំដដែលនេះ និងបន្ទាប់ពីឃាត់ខ្លួនបក្ខពួកជនសង្ស័យបានម្នាក់ កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់ទៀត (សរុប២នាក់) ក្នុងចំណោមបក្ខពួក៤នាក់ ស្ថិតនៅចំណុចមុខផ្ទះលក់ចាប់ហួយមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

 លោកវរសេនីយ៍ទោ ម៉ម សាវន បន្តថាជនសង្ស័យដែលសមត្ថកិច្ចតាមស្រាវជ្រាវឃាត់ខ្លួនបានពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសឈ្មោះ ដូ ប៉ូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងប៉ះកង់ ស្នាក់នៅផ្ទះជួលមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ និងម្នាក់ទៀតឈ្មោះ វ៉ាង គីមហុង ហៅហ៊ុយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួលមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

 ចំណែកជនរងគ្រោះឈ្មោះ វៃ ជីវ័ន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ។

 សម្រាប់សម្ភារៈដែលជនរងគ្រោះបាត់បង់គឺ ម៉ូតូម៉ាកហុងដាហ៊្សូមមើអ៊ិច ពណ៌កាប់ស្តាំង ស៊េរីឆ្នាំ២០១៥ ដែលមានលេខតួ និងលេខម៉ាស៊ីន ១៥៣៦៧២ ពាក់ផ្លាកលេខ កណ្តាល ១W-៧៧៥៨។ ជនរងគ្រោះម្នាក់ទៀតឈ្មោះ តាន់ រក្សា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ។

 សម្រាប់សម្ភារៈដែលជនរងគ្រោះបាត់បង់គឺ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស ស៊េរីឆ្នាំ២០២២ ដែលមានលេខតួ និងលេខម៉ាស៊ីន៩០៨២៣៧០ ពាក់ផ្លាកលេខភ្នំពេញ ១JI-៨៨៩៣ ចំនួន១គ្រឿង។

 សូមបញ្ជាក់ថា ក្រោយឃាត់ខ្លួនជាបន្តបន្ទាប់ ចំពោះជនសង្ស័យទាំង២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (យកដែកសំប៉ែតចុងស្រួចរាងអក្សរតេ និងឧបករណ៍សំរាប់កាច់សោ.កម៉ូតូ) បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានសហការគ្នាធ្វើសកម្មភាពលួចយកម៉ូតូចំនួន២គ្រឿង ដោយក្នុងនោះរួមមាន៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស ស៊េរីឆ្នាំ២០២២ ដែលមានលេខតួ និងលេខម៉ាស៊ីន ៩០៨២៣៧០ ពាក់ផ្លាកលេខ ភ្នំពេញ១JI-៨៨៩៣ និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាហ៊្សូមមើអ៊ិច ពណ៌កាប់ស្តាំង ស៊េរីឆ្នាំ២០១៥ ដែលមានលេខតួ និងលេខម៉ាស៊ីន ១៥៣៦៧២ ពាក់ផ្លាកលេខកណ្តាល ១W-៧៧៥៨) ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ នាវេលាម៉ោងប្រហែល៣៖០០នាទីកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

 យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច បាននិងកំពុងបន្តតាមស្រាវជ្រាវឃាត់ខ្លួនបក្ខពួកជនសង្ស័យ២នាក់ ដែលកំពុងរត់គេចខ្លួន ហើយបក្ខពួកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ខាងលើ កំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕