ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣នេះ ការដាំដុះស្រូវសម្រេចបានជាង ៣,៤លានហិកតារ ទទួលបានទិន្នផលជាង ៦,២លានតោន និងរំពឹងទុកថានឹងទទួលបាន ៦,៣លានតោននាខែធ្នូខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” នៅថ្ងៃទូ២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បណ្ឌិត ឌិត ទីណា បានថ្លែងថា « ក្នុងរយៈពេលដូចគ្នានេះដែរ ការនាំចេញផលិតផលកសិកម្មទទួលបានតួលេខខ្ពស់ ស្មើនឹងទឹកប្រាក់ ៣,៥ពាន់លានដុល្លារទៅកាន់ទិសដៅ ចំនួន ៧៥ប្រទេស ការនាំចេញអង្កគិតជាទឹកប្រាក់ ៥៥៩លានដុល្លារ រួមទាំងការនាំចេញទៅប្រទេសឥណ្ឌូនេស៊ី ដ ដែលជាគោលដៅថ្មី ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ»។
ឯកឧត្តមបណ្ឌិត ឌិត ទីណា បានបញ្ជាក់ថា «ការនាំចេញកៅស៊ូគិតជាទឹកប្រាក់ ៣២០លានដុល្លារ គិតត្រឹម ៩ខែក្នុងឆ្នាំ២០២៣នេះ រួមទាំងវិស័យផ្សេងៗទៀត ដូចជា សុខភាពសត្វ ផលិតកម្មសត្វ ជលផល និងព្រៃឈើមានដំណើរការល្អ ធានាបានការផ្គត់ផ្គង់ និងតម្រូវការប្រជាពលរដ្ឋ មានស្ថេរភាពថ្លៃ និងការនាំចូលពីក្រៅប្រទេស និងរក្សាតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស»៕