កំពង់ស្ពឺ៖ ក្រុមប្រតិបត្ដិការរុករកសពជនរងគ្រោះជាកីឡាករអុំទូក ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូក «ផ្កាចា» នៅខេត្តកំពង់ស្ពឺ ត្រូវបិទបានបញ្ចប់ក្រោយក្រោយពីអាជ្ញាធរបិទទ្វាទឹកផ្នែកខាងលើ និងបានស្វែងរកសាកសពប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមសេចក្តីបញ្ជាក់របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយកងរុករក និងសង្រ្គោះ (គ.ជ.គ.ម) បានមុជទឹករុករកឃើញសពកីឡាករអុំម្នាក់ដែលបាត់ខ្លួនក្រោយពេលលិចទូកនោះ ដោយសពជាប់នឹងគល់ឈើនៅបាតស្ទឹងព្រែកត្នោត»។
សូមជម្រាបថា ជនរងគ្រោះមានឈ្មោះ វី សម្ផស្ស ហៅម៉ៅ អាយុជាង ២០ឆ្នាំ ជាកីឡាករ ចំណុះទូកផ្កាចាឈ្មោះ កូនខ្មែរក្លាហាន ស្ថិតក្នុងចំណោមកីឡាករ ១២នាក់ដែលលិចទូកក្នុងនោះសមត្ថកិច្ចជួយសង្គ្រោះបាន ១១នាក ដែលបានលិចបាត់នៅក្នុងស្ទឹងព្រែកត្នោត កាលពីថៃ្ងទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានរយៈពេល ០២ថៃ្ង ត្រូវបានបញ្ចប់ដោយប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
កិច្ចប្រតិបត្តិការខិតខំប្រឹងប្រែងដោយយកចិត្ដទុកពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ និងកងកម្លាំងពាក់ ព័ន្ធគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលជួបប្រទះហេតុការណ៍ដ៏រន្ធត់ខាងលើ៕