(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយដឹកនាំដោយលោក នួន ផារ័ត្ន និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ពីវឌ្ឍនភាពការងារអនុគណៈកម្មការគ្រប់គ្រងទូក ដើម្បីបែងចែកទីតាំងស្នាក់នៅរបស់ កីឡាករអ៊ុំទូក និងទីលានប្រណាំងទូក ដែលមកពីតាមបណ្តាខេត្តនានា។កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋបាលខេត្ត កងទ័ពជើងគោក កងទ័ពជើងទឹក
កិច្ចប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម៖
*គ្រប់ខេត្តបានឯកភាពតាមប្លង់ ដែលកំណត់ដោយក្រុមការងារសាលារាជធានីភ្នំពេញ
*មន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់រាជធានីភ្នំពេញ ត្រូវសិក្សាបន្ថែមលើចំណតដាក់ឡានរបស់ខេត្តនីមួយៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសម្ភារ និងស្បៀង
*ក្រុមការងារត្រូវបន្ថែមបន្ទប់ទឹកឱ្យបានគ្រប់គ្រាន់ និងពិនិត្យមើលអគ្គិសនីឱ្យបានម៉ត់ចត់
*ឯកភាពលើការស្នើសុំរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី និងរដ្ឋបាលខេត្តតាកែវ ដោយឱ្យសំចតទូក នៅទីតាំងផែថ្ម រាជធានីភ្នំពេញ ដោយអ្នកស្នើសុំត្រូវទទួលខុសត្រូវខ្លួនឯង
*អង្គប្រជុំសម្រេចនឹងចុះពិនិត្យបន្ថែមលើទីតាំងផ្ទាល់នាថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៩:០០ព្រឹក។
ជាចុងបញ្ចប់ កិច្ចប្រជុំបានណែនាំ និងសំណូមពរដល់ គ្រប់ខេត្តទាំងអស់សហការឱ្យបានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់រឿងអនាម័យ វេចខ្ចប់សំរាមឱ្យបានល្អ ដើម្បីងាយស្រួលក្រុមការងារក្នុងការប្រមូល៕