ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងបែបនេះ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធីប្រកាសតែងតាំងមុខតំណែងនាយទាហាន នៃកងយោធពលខេមរភូមិន្ទនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសកលវិទ្យាល័យការពារជាតិឬស្សីកែវ រាជធានីភ្នំពេញ ។
ថ្លែងសន្ទរកថារបស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថានៅក្នុងបរិបទ នាពេលបច្ចុប្បន្ននេះ ស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងស្មុគស្មាញ នៃបញ្ហាសន្តិសុខមិនប្រពៃណី និងបញ្ហាសន្តិសុខប្រពៃណី ដែលបង្កើតជាផលប៉ះពាល់ជាបន្តបន្ទាប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសកល។
តួយ៉ាងបញ្ហាសន្តិសុខបង្កមកពីជំងឺកូវីដ-១៩ អំពើភារវកម្ម បញ្ហាសន្តិសុខបច្ចេកវិទ្យា បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច បរិស្ថាន និងសង្គមកិច្ច កាន់តែខ្លាំងក្លា ។ មួយវិញទៀត ឥទ្ធិពលការផ្ទុះឡើង និងបន្តអូសបន្លាយសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់ ឥទ្ធពលភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា សុទ្ធសឹងតែធ្វើឲ្យប៉ះពាល់ ដល់ការងើបឡើង នៃសេដ្ឋកិច្ច ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ពាក់ព័ន្ធនឹងការងារការពារជាតិនេះ សូមឲ្យយុទ្ធចារ្យ និងសាស្ត្រាចារ្យប្រមូលផ្ដុំគ្នា ដើម្បីជ្រាប និងតាមឲ្យទាន់សភាពការនៃសកលលោក ព្រោះបច្ចុប្បន្ន មានទំនើបកម្មច្រើននៅលើពិភពលោក ដូចជាបច្ចេកវិទ្យាថ្មី យុទ្ធោបករណ៍ សព្វាវុធជាដើម គឺត្រូវតាមឲ្យទាន់ ដើម្បីធ្វើយ៉ាងណាបញ្ចេញជាមេរៀនថ្មីៗ ជូនទៅដល់សិក្ខាកាម ឲ្យបានជ្រាប និងតាមដានជាប្រចាំនូវព័ត៌មានទាំងអស់នោះ ។
ជាមួយនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឲសកលវិទ្យាធិការថ្មី នៃសកលវិទ្យាលការពារជាតិ ត្រូវពង្រឹងសាមគ្គីភាព ពង្រឹងការបណ្ដុះបណ្ដាលដល់សិក្ខាកាម ឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួមការពារសុខសន្តិភាព បូរណភាពទឹកដី ការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ របស់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញទៅយុទ្ធាចារ្យ និងសាស្ត្រាចារ្យ បង្រៀននៅសកលវិទ្យាល័យការពារជាតិ ត្រូវស្រាវជ្រាវរកកម្មវិធីសិក្សាថ្មីបន្ថែមទៀត បង្រៀនទៅសិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនទំនប់កម្ម នៃវិស័យកងទ័ពនៅលើពិភពលោក ។
ក្នុងឱកាសទទួលតំណែងថ្មី ឧត្តមសេនីយ៍ឯក ដោក សុផា សកលវិទ្យា នៃសកលវិទ្យាល័យការពារជាតិ បានប្ដេជ្ញាចិត្តបន្តខិតខំពង្រឹងចំណេះដឹង ក្នុងវិស័យការពារជាតិ ឲ្យកាន់តែមានការរីកចម្រើន ក៏ដូចជាការប្ដេជ្ញាប្រឹងប្រែង អនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីឲ្យកាន់តែល្អប្រសើរ ៕