ខេត្តរតនគិរី ៖ ដើម្បីត្រៀមរៀបចំពិធីបុណ្យអុំទូក២០២៣ ក៏ ដូចជាធ្វើអោយទីក្រុងស្អាត បរិស្ថានល្អ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំមន្រ្តីរាជការ ធ្វើយុទ្ធការអនាម័យសម្អាតបរិស្ថានជុំវិញបឹងកន្សែងដែលជាកន្លែងប្រារព្ធពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ។
ថ្លែងក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តបានលើកឡើងថា យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យជុំវិញបឹងកន្សែងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អដើម្បីត្រៀមរៀបចំពិធីបុណ្យអុំទូកនៅថ្ងៃទី២៣-២៤ខែវិច្ឆិកាឆ្នាំ២០២៣។ជាពិសេសបង្កើនការយល់ដឹងអំពីអនាម័យបរិស្ថានដល់សាធារណជនក្នុងគោលបំណងបង្កើនបរិស្ថានស្អាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អផងដែរ៕