2023-12-02 15:13
586

  ពោធិសាត់៖ ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤  នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣  នៅពហុកីឡដ្ឋានស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរុញដល់  អាណាព្យាបាលកុមារតូចៗបញ្ជូនកូនឲ្យចូលរៀនតាមមត្តេយ្យសិក្សា និងកុមារអាយុ ០៦ឆ្នាំ នៅតាម សាលាបឋមសិក្សា និងជាថ្ងៃថ្មីសម្រាប់ថ្នាក់អនុ និងវិទ្យាល័យដែលទើបឡើងមកថ្មីៗផងដែរ។ អភិបាលខេត្ត  ពោធិ៍សាត់ បានឡើងអានសន្ទរកថា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចែកជូនដល់អាជ្ញាធរមកពីក្រុងស្រុក និងលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្ស ដើម្បី  អនុវត្តទៅតាមអនុសាសន៍ នៃការណែនាំរបស់សម្ដេចមហាបវរធិបតី ។ នាឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ថ្ងៃនេះជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែល  ទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ០៦ឆ្នាំនៅតាម សាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់អនុនិងវិទ្យាល័យដែលទើបឡើងមកថ្មីៗ  ផងដែរ។ លោកអភិបាលខេត្តបានលើកឡើងទៀតថា ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្តើមអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ  ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការដាក់ចេញនូវវិធានការគន្លឹះ  សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅលើកកម្ពស់ គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការ  សំខាន់ៗ។ លោក ខូយ រីដា បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិ្សក្សា ដើម្បីក្លាយជាគ្រាប់ពូជបន្តវេនដ៏ល្អសម្រាប់សង្គមជាតិ ជាពិសេសក្មួយៗត្រូវមានចំណេះដឹងល្អ ត្រូវមាន  ឥរិយាបថល្អ សីលធម៌ល្អ សុជីវធម៌ល្អ និងមានគុណធម៌ល្អ។ នាឱកាសបើកបវេសនាកាលនោញ លោកអភិបាលខេត្ត បានចែកជូនសម្ភារៈសិក្សា និងប័ណ្ណសរសើរដល់សិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រពូកែរ  មកពីគ្រប់សាលា ក្នុងស្រុកភ្នំក្រវាញ ព្រមទាំងថវិកាមួយចំនួនជូនដល់សាលាស្រុកសាលាអនុវិទ្យាល័យ និងវិទ្យាល័យក្នុងស្រុកភ្នំក្រវាញផងដែរ៕ លាន គ្រន