ហុងគ្រីជាមិត្តចាស់របស់កម្ពុជា ដែលបានជួយគំាទ្រដល់ការស្តារ និងអភិវឌ្ឍន៍កម្ពុជានៅក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។ មិត្តភាពជាប្រវត្តិសាស្ត្រនេះ ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ការជឿទុកចិត្តគ្នា និងការឱ្យតម្លៃគ្នាទៅវិញទៅមក ដែលធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរមានការរីកចម្រើនឥតឈប់ឈរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំនៃប្រទេសទំាងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជាបន្តបន្ទាប់។
សូមរំលឹកថា កាលពីឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានបំពេញទស្សនកិច្ចនៅហុងគ្រី ចំនួនពីរលើក។ ក្នុងឆ្នាំ២០១៩ ដដែលនោះផងដែរ លោក ចាណូស អាឌឺ (Janos Ader) អតីតប្រធានាធិបតីហុងគ្រី ក៏បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ។ ចំណែកនៅដើមឆ្នាំ២០២៥នេះ លោកស្រី ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ផងដែរ។
ក្រោយពីដំណើរទស្សនកិច្ច របស់ សម្តេចរដ្ឋសភាធិបតី នៅប្រទេសហុងគ្រីក្នុងពេលនេះ នៅដើមឆ្នាំ២០២៦ ខាងមុខ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងគ្រោងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសហុងគ្រី ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ហុងគ្រី ឱ្យកាន់តែជិតស្និទ្ធស្ថិតស្ថេរគង់វង្ស និងស៊ីជម្រៅទ្វេឡើងទៀត។
អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនេះ សម្តេចប្រធានរដ្ឋសភា នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសហុងគ្រី ជាពិសេសសម្តេចរដ្ឋសភាធិបតី នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ឡាស្លូ កូវឺរ ប្រធានរដ្ឋសភា ប្រទេសហុងគ្រី។ ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត នៅគ្រប់កម្រិត។
តាមគម្រោងក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី ចំនួនបួនថ្ងៃ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមវេទិកាសន្តិភាព ប៉ារីស លើកទី ៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារំាង ដែលប្រារព្ធឡើងនៅថ្ងៃទី២៩និង៣០ ខែតុលា ឆ្នាំ២០២៥ បន្តទៀត៕



