កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ ប្រកបមុខរបរជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅតុលាការ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីចាត់ការ បន្តតាមផ្លូវច្បាប់។ ប្រភពពីកងរាជអាវុធហត្ថ បានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្រប សម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោងប្រមាណ ១៥និង១៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយ ករណី។ ប្រភពបន្តទៀតថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើ ស្ថិតនៅចំណុច ផ្ទះសំណាក់ ពី ផល ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជន សង្ស័យ ០១នាក់ ឈ្មោះ ស៊ឹម ម៉ៅ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំពោះ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ចំនួន ០៩កញ្ចប់ធំ និង ២១កញ្ចប់តូច, ទូរសព្ទ ០១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យរួមនឹង វត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការបន្តតាមច្បាប់៕