2023-12-03 12:54
650

ភ្នំពេញ៖ អ្នកឧកញ៉ា គឹម សុខអេង និង លោក គឹម សុភ័ក្ត ត្រូវបានស្ត្រីម្នាក់ឈ្មោះ រ៉ន ឆេងលាប ដែលជាអ្នកតំណាងតាមលិខិតប្រគល់សិទ្ធ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដាក់លិខិតឲ្យបុគ្គលទាំង ០២រូបប្រគល់ប្រាក់បង្រ្គប់ថ្លៃទិញអចលនវត្ថុ ដែលនៅខ្វះ ៥០ភាគរយទៀត នៃថ្លៃដីសរុប ខណៈភាគីអ្នកលក់បានរត់ឯកសារផ្ទេរសិទ្ធស្របច្បាប់រួចរាល់ផងដែរ។ 
   យោងតាមលិខិតបែកធ្លាយដែលអង្គភាពយើងទទួលបាន នៅថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ របស់លោកស្រី រ៉ន ឆេងលាប កើតឆ្នាំ១៩៨៦ កាន់អត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរ លេខ ០១៨៨១០៦២៩ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៥ មានទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាអ្នកតំណាងតាមលិខិតប្រគល់សិទ្ធតំណាង ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ បានជម្រាបជូនអ្នកឧកញ៉ា គឹម សុខអេង និង លោក គឹម សុភ័ក្ត យកប្រាក់មកប្តូរយកមូលប្បទានប័ត្រ ដែលគ្មានប្រាក់ត្រលប់ទៅវិញ ឲ្យបានមុនថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានពន្យាពេលឲ្យរយៈពេលជាងពីរឆ្នាំមកហើយ។ 
   តាមរយៈលិខិតរបស់លោកស្រី រ៉ន ឆេងលាប បានជម្រាបជូនលោក គឹម សុខអេង បច្ចុប្បន្នជា អ្នកឧកញ៉ា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៨៧៤ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ និង លោក គឹម សុភ័ក្ត មេត្តាជ្រាបថា៖ ផ្អែកតាមកិច្ចសន្យាចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ ត្រង់ប្រការ៣ ដំណាក់ការទូទាត់ប្រាក់បង្គ្រប់អ្នកឧកញ៉ា និង លោក គឹម សុភ័ក្ត ត្រូវប្រគល់ប្រាក់ ៥០% (ហាសិបភាគរយ)បង្គ្រប់ ហើយខាងភាគីលក់ត្រូវប្រគល់ប័ណ្ណកម្មសិទ្ធដែលផ្ទេរដាក់ឈ្មោះអ្នកឧកញ៉ារួច និង ប្រគល់ទីតាំងដីនៃការទិញលក់ ជាការបញ្ចាប់កិច្ចសន្យា។ 
   ប៉ុន្តែផ្ទុយទៅវិញ ប័ណ្ណច្បាប់ដើមបានផ្ទេរដាក់ឈ្មោះ អ្នកឧកញ៉ា និងលោក គឹម សុភ័ក្ត រួចរាល់ប្រគល់ជូន អ្នកឧកញ៉ា តាំងពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និង បានប្រគល់ទីតាំងដី នៃការទិញ លក់រួចរាល់ហើយ អ្នកឧកញ៉ាបានសន្យាថាយកប័ណ្ណដីទៅបញ្ចាំធនាគារយកប្រាក់សង និងបានប្រគល់មូលប្បទានប័ត្រ លេខ: ៤៨០២៩៥ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ របស់ធនាគារអាស៊ី ចំកាត់ (ABA) ដល់ថ្ងៃកំណត់ទៅបើកប្រាក់ធនាគារបញ្ជាក់ថា «គ្មានសាច់ប្រាក់» គឺសែកស្អុយ។ 
   ក្នុងករណីនេះ លោកស្រី រ៉ន ឆេងលាប ភាគីតំណាងម្ចាស់ដីលក់បានស្នើសុំឲ្យអ្នកឧកញ៉ា ដែលមានទ្រព្យសម្បត្តិដ៏ស្តុកស្តមមេត្តារក្សាកិត្តិយស និងគោរមងារដ៏ខ្ពង់ខ្ពស់យកប្រាក់មកដូរយកមូលប្បទានប័ត្រ ដែលគ្មានប្រាក់ត្រលប់ទៅវិញ។ 
   សូមបញ្ជាក់ថា អ្នកឧកញ៉ា គឹម សុខអេង  ត្រូវ បានគេដឹងថា  ជា ម្ចាស់បុរី ខេស៊ី (Borey KC)  នៅ ជិត ផ្សារ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ, ជា អគ្គនាយក Eng Design & Construction, ស្ថាបនិក ក្លឹប ហាត់ប្រាណ បឹងកេងកង និង ជា សហស្ថាបនិក ក្រុមហ៊ុន ពុះ ដីឡូត៍ នៅ ខេត្ត កោះកុង ផងដែរ។ 
   ពាក់ព័ន្ធបែកធ្លាយរឿងរ៉ាវអាស្រូវខាងលើក្រុមការងារ MSJ TV មិនអាចទំនាក់ទំនងសុំការបកស្រាយពីអ្នកឧកញ៉ា និង លោក គឹម សុភ័ក្ត បាននៅឡើយទេ ព្រោះគ្មានលេខទូរសព្ទ័ អង្គភាពយើងរងចាំការបកស្រាយបំភ្លឺគ្រប់ពេលវេលាផងដែរ៕