2023-12-03 16:41
374

ស្វាយរៀង៖ មេការ និងបុគ្គលិកហាងការ៉ាអូខេ យីហោ «៧៧៧» ក្នុងក្រុងបាវិត ចំនួន ០៣នាក់ ជាជនជាតិវៀតណាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ 
   តាមប្រភពព័ត៌មាន បានឲ្យដឹងថា សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន ០៣នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី រក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។   
   ប្រភពបានឲ្យដឹងថា នៅវេលាម៉ោង ០៧និង១៥នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងកងរាជអាវុធហត្ថខេត្តបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ហាងខារ៉ាអូខេ យីហោ «៧៧៧» នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង។
   ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣នាក់ និងរត់គេចខ្លួន ចំនួន ០២នាក់មានដូចខាងក្រោម៖ 
១- ឈ្មោះ ឡូ ង្វៀងងឹង ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មេការខារ៉ាអូខេ ៧៧៧ ស្នាក់នៅបណ្តោះអាសន្ន ក្នុងហាងខារ៉ាអូខេ ៧៧៧ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន)។ 
២- ឈ្មោះ ដូរ វ៉ាន់ណាម ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកខារ៉ាអូខេ ៧៧៧ ស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន)។ 
៣- ឈ្មោះ ហ្វុញ ហ្វាងហ្វី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកខារ៉ាអូខេ   ៧៧៧ ស្នាក់នៅបណ្តោះអាសន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន)។ 
៤- ឈ្មោះ ជូ ឌឹកងា  ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខ P00813551 (គេចខ្លួន)។ 
៥- ឈ្មោះ កន ស្រីពិច ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៧១២០៤៧៦៤ មានទីលំនៅកំណើត ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ន ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង (គេចខ្លួន)។ 
   ចំពោះវត្ថុតាងរឹបអូសបាន រួមមាន ក្រាមពណ៌សថ្លាចំនួន ០៥ កញ្ចប់ មានទម្ងន់១១.៨០ក្រាម (គិតទាំងសំបកវេចខ្ចប់), ម្សៅម៉ត់ពណ៌ស ចំនួន ០១ កញ្ចប់ មានទម្ងន់ ៥.៥០ ក្រាម (គិតទាំងសំបកវេចខ្ចប់), ថ្នាំគ្រាប់ពណ៌លឿង ចំនួន ០២ កញ្ចប់ មានទម្ងន់ ២៣.៣០ ក្រាម (គិតទាំងសំបកវេចខ្ចប់), ម្សៅកញ្ចប់ពណ៌ខ្មៅ ចំនួន ០២ កញ្ចប់ មានទម្ងន់ ២៥.៣០ ក្រាម (គិតទាំងសំបកវេចខ្ចប់), ម្សៅកញ្ចប់ពណ៌សចំនួន១២ កញ្ចប់ មានទម្ងន់ ៦៦.៩០ ក្រាម (គិតទាំងសំបកវេចខ្ចប់), ម្សៅកញ្ចប់ពណ៌ទឹកក្រូច ចំនួន ០៧កញ្ចប់ មានទម្ងន់ ១,៤០៨.៨ ក្រាម ( គិតទាំងសំបកវេចខ្ចប់), ក្រាមពណ៌ទឹកក្រូច ចំនួន ០១ កញ្ចប់ មានទម្ងន់ ១.៦០ ក្រាម (គិតទាំងសំបកវេចខ្ចប់), ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន ០១ កញ្ចប់ មានទម្ងន់១.៣០ ក្រាម (គិតទាំងសំបកវេចខ្ចប់), បំពង់ដែកបិតជិត ពណ៌ខៀវ ចំនួន ២០ បំពង់, ទូរសព្ទចំនួន ០៤ គ្រឿង, កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១, ប្រាក់ដុល្លារ ចំនួន ៤៩០០ដុល្លារ, ប្រាក់ដុង ចំនួន ១៣០,០០០,០០០ដុង, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន, កាំបិតដងវែង ចំនួន ០១ ដើម, ដាវសាំម៉ូរ៉ៃ ចំនួន ០១ ដើម និង ម៉ូតូម៉ាក RGV ១២០ ចំនួន ០១ គ្រឿង។
   បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕