ខេត្តរតនគិរី ៖ ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងនៅសាលាឃុំឡាមិញ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធានគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។
លោក ទឹម មុនីរតន៍ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានលើកឡើងថា ការប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ គឺជាការជូនដំណឹងដល់ម្ចាស់ក្បាលដីទាំងអស់អោយត្រៀមលក្ខណៈ ក្នុងការរៀបចំឯកសារការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ ដែលស្របទៅនឹងច្បាប់។ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងភូមិដែលបានចូលនាឱកាសនេះ ឯកឧត្តម ខ័ណ្ឌ ចំណាន បានសម្ដែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងបានថ្លែងអំណរគុណដល់អាជ្ញាធរក្រុង ស្រុក អាជ្ញាធរឃុំ ដែលបានចូលរួមអនុវត្តការងារកន្លងមកបានយ៉ាងល្អប្រសើរ។ឯកឧត្តម អភិបាលរងខេត្ត ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះប្រជាពលរដ្ឋ ក្នុងស្រុកបរកែវ ជាពិសេសភូមិកាម្មាំង ឃុំឡាមិញ ស្រុកបរកែវ ដែលត្រូវបានក្រុមការងារចុះបញ្ជីដីធ្លីបានមកអនុវត្តការងារចុះបញ្ជីដីធ្លីជូនបងប្អូន ក្នុងគោលដៅការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ការធានាសិទ្ធិស្របច្បាប់ ភាពច្បាស់លាស់នៃការកាន់កាប់ ការកំណត់ព្រំប្រទល់ដីនិងផលប្រយោជន៍ជាច្រើនទៀត។
ឯកឧត្តម ខ័ណ្ឌ ចំណាន បានស្នើដល់អាជ្ញាធរស្រុក និងអាជ្ញាធរឃុំ អាជ្ញាធរភូមិ សូមចាត់មន្ត្រីចូលរួមឱ្យបានសកម្មជាមួយក្រុមការងារ ហើយរាល់ឯកសារផ្សេងៗ ដែលគាំទ្រការចុះបញ្ជីដូចជាលិខិតបញ្ជាក់ដី សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ លិខិតបញ្ជាក់មរណៈភាព លិខិតបញ្ជាក់លីវ និងឯកសារផ្សេងទៀត ត្រូវសម្រួលពន្លឿនជូនប្រជាពលរដ្ឋ។ ចំពោះប្រជាពលរដ្ឋ ត្រូវចូលរួមឱ្យបានសកម្មជាមួយក្រុមការងារ ដើម្បីបោះបង្គោលកំណត់បង្ហាញព្រំដីឱ្យបានច្បាស់លាស់ យកឯកសារមកជូនមន្ត្រីសុរិយោដី ដើម្បីបំពេញទិន្នន័យ និងចូលរួមសកម្មភាពផ្សេងៗទៀត ក្នុងគោលដៅពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានឆាប់៕