ខេត្តពោធិ៍សាត់ ៖ មន្ត្រីជំនាញនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នេះថា ម្សិលមិញក្រុមការងារមន្ទីរមានការចូលរួមដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបានយកគ្រឿងចក្រសម្រួលផ្លូវទឹកជូនប្រជាកសិករ ខណៈតំបន់នោះមានការជន់លិចនាពេលកន្លងមកដែលបណ្ដាលឱ្យរងផលប៉ះពាល់យ៉ាងដំណំផងដែរនោះ។
មន្ត្រីនៃមន្ទីរដដែលឱ្យដឹងទៀតថា បញ្ហាមន្រ្តីជំនាញយកគ្រឿងចក្រសម្រួលផ្លូវទឹក ដើម្បីដោះស្រាយជូនប្រជាកសិករខាងលើនេះ ស្ថិតនៅភូមិ/ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
លោកបញ្ជាក់ទៀតថា ដំណាក់ការទី១នេះ ជាលទ្ធផល យើងសម្រេច(ស្ដារ)បានប្រវែងប្រមាណជាង០៣គីឡូម៉ែត្រពីតំបន់ខាងលើទម្លាក់ទៅចូលស្ទឹងស្វាយដូនកែវ ដើម្បីកុំឱ្យរងការលិចលង់ដូចពេលកន្លងមក ហើយនេះជាតម្រូវការចាំបាច់របស់ប្រជាកសិករ ដើម្បីបង្កបង្កើនផល ហើយក៏ជាផែនការថ្នាក់ឃុំផងដែរ ដូច្នេះយើងនឹងបន្តជាដំណាក់កាលបន្តបន្ទាប់ទៀត ៕