2023-12-05 16:40
346

ត្បូងឃ្មុំ៖ មាតា បិតា និងជាអាណាព្យាបាលសិស្សានុសិស្សវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ខេត្តត្បូងឃ្មុំ បានបញ្ចេញប្រតិកម្មនឹងតម្លៃផ្ញើកង់-ម៉ូតូឡើងថ្លៃខុសពីឆ្នាំមុនរហូត ២០០រៀល ឯណោះ ដែលធ្វើឱ្យការចំណាយប្រចាំថ្ងៃរបស់ពួកគាត់កើនឡើង ខណៈវិបត្តិសេដ្ឋកិច្ចគ្រួសារកំពុងជួបការលំបាក ប៉ុន្តែពាក់ព័ន្ធរឿងរ៉ាវនេះ ត្រូវបានអ្នកទទួលផ្ញើកង់-ម៉ូតូអះអាងថា «គាត់យកតែ ៣០០រៀលទេ ប៉ុន្តែសិស្សខ្លះពេលគាត់អាប់លុយក្រដាស ១០០រៀល ពួកគាត់មិនយកទេ ទើបយក ៥០០រៀលតែម្តង» ។

ពាក់ព័ន្ធករណីខាងលើនេះ មាតា បិតា សិស្សថា បានសំណូមពរដល់គណៈកម្មការគ្រប់គ្រងសាលាគួររៀបឱ្យមានកន្លែងសម្រាប់ផ្ញើកង់-ម៉ូតូសិស្សានុសិស្សឲ្យបានត្រឹមត្រូវដូចសាលាផ្សេងៗទៀត គឺផ្ញើកង់-ម៉ូតក្នុងសាលារៀនតែម្តង។

មាតា បិតា អាណាព្យាបាល សិស្សានុសិស្ស «វិទ្យាល័យសម្តចតេជោ ហ៊ុន សែន សួង» បានបង្ហាញភាពមិនសប្បាយចិត្តថា រាល់ថ្ងៃកូនៗ របស់គាត់ក្នុងម្នាក់ៗ ត្រូវចំណាយទៅលើការផ្ញើម៉ូតូ ក្នុងមួយខែៗ មិនក្រោម ២៥ ០០០ពាន់រៀល ខណៈឆ្នាំមុខម៉ូតូ ០១គ្រឿង ផ្ញើតែតម្លៃតែ ៣០០រៀលប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះឡើងថ្លៃម៉ូតូ ០១គ្រឿង ផ្ញើតម្លៃរហូត ៥០០រៀលឯណោះ។ 

ពួកគាត់បានលើកឡើងទៀតថា «កូនៗ ទៅរៀនភាគច្រើនបានយកម៉ូតូទៅផ្ញើកន្លែងឯកជនក្រៅសាលា រៀនភារៈនេះបានធ្វើប៉ះពាល់ដល់អារម្មណ៍ពួកគាត់ខុសពីវិទ្យាល័យគ្រប់បណ្តាស្រុកនានានៃខេត្តត្បូងឃ្មុំដោយពួកគាត់សូមឲ្យការផ្ញើមានស្តង់ដារតែមួយពោល គឺទុកម៉ូតូក្នុងសាលាតែម្តង។

ជុំវិញប្រតិកម្មខាងលើនេះ បុគ្គលិកសិក្សាមានផ្ទះនៅមុខវិទ្យាល័យ «សួង» បានបញ្ជាក់ថា «តម្លៃផ្ញើម៉ូតូ ១០គ្រឿង គឺតម្លៃ ៥០០រៀល ជាយូរឆ្នាំមកហើយ»។ ចំណែកលោកគ្រូម្នាក់ទៀត បានបញ្ជាក់ថា «ម៉ូតូ ០១គ្រឿង តម្លៃផ្ញើគាត់យកតែ ៣០០រៀលទេ ប៉ុន្តែកូនសិស្សខ្លះពេលគាត់អាប់លុយក្រដាស ១០០រៀលឲ្យក្មួយៗសិស្សានុសិស្សមិនយកទើបយក ៥០០រៀលតែម្តង»។

លោកសាស្ត្រាចារ្យ សេង ឌឿន នាយកវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង បានបញ្ជាក់ថា «ពិតជាមានការផ្ញើម៉ូតូក្រៅសាលាមែន មានរហូត២ទៅ៣កន្លែងមានតាំងពីមុនគាត់មកគ្រប់គ្រងមកម្លេះ ហើយគាត់បានណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងនោះរួចហើយ ប៉ុន្តែសិស្សថាដាក់ខាងក្រៅជិតជាងខាងក្នុងសាលារឿងថ្លៃម៉ូតូ សាលាតម្រូវឲ្យយកតម្លៃតែ ៣០០រៀលទេ ខុសពីតម្លៃនេះ លោកមិនបានដឹងទេ »៕