ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរឃ្លាំងស្តុបសាច់សត្វបង្កកមួយកន្លែង រកឃើញសាច់សត្វបង្កកចម្រុះប្រមាណជាង ៤០០តោន។
ប្រតិបត្តិការចុះត្រួតពិនិត្យ ទីតាំងស្តុកសាច់សត្វបង្កកខាងលើ ធ្វើឡើងនៅថ្ងៃច័ន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ ក្នុងឃ្លាំងស្តុបសាច់សត្វបង្កកដ៏ធំមួយកន្លែង ស្ថិតនៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន សុខភាពសត្វ និងសុខភាពសាធារណៈបសុខព្យាបាល បានប្រាប់កាសែតថា ក្រុមការងារជំនាញបានរកឃើញសាច់បង្កក គ្មានឯកសារច្បាប់ រួមមាន៖ គ្រឿងមាន់ សាច់មាន់, សាច់ជ្រូក, និងក្របី សរុបចំនួន ២៤ ៤២៤កេះ ស្មើនឹង ៣៧០ ៧៨៧គីឡូក្រាម ដែលសាច់សត្វបង្កកទាំងអស់នេះ ត្រូវបាននាំចូលពីបរទេសមកស្តុកទុកនៅក្នុងឃ្លាំងខាងលើ ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់។ ពេលនេះក្រុមការងារបានស្នើសុំព្រះរាជអាជ្ញាបិទឃ្លាំងបង្កកសាច់សត្វជាបណ្ដោះអាសន្ន និងតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
អ្នកប្រកបអាជីវកម្មលក់សាច់ និង ប្រជាពលរដ្ឋជាច្រើន បានសម្តែងនូវសាទរ ចំពោះចំណាត់ការរបស់អាជ្ញាធរចំពោះសាច់បង្កកអត់ច្បាប់នេះ ក្នុងនោះ លោក ស្រ៊ុន ពៅ តំណាងអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងអំណរដល់អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្រ្កាប និងមានចំណាត់ការចំពោះបញ្ហានេះ ព្រមទាំងយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាតែម្តង។
សព្វថ្ងៃនេះជាការកត់សម្គាល់ បញ្ហាសាច់បង្កកកំពុងក្លាយជាប្រធានបទដ៏ពេញនិយមមួយ នៃការជជែកពិភាក្សាគ្នា នៅក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាទូទៅ ព្រោះពួកគាត់សម្តែងការព្រួយបារម្ភចំពោះការហូរចូលយ៉ាងគំហក នៃសាច់បង្កកនេះ ពីបរទេសមកកាន់ប្រទេសកម្ពុជា ដែលសាច់បង្កកខ្លះមានរយៈពេលយូរខ្លាំងដែលអាចបង្កបញ្ហាដល់សុខភាពរបស់អ្នកបរិភោគ។
ដោយឡែកសម្រាប់អ្នកប្រកបរបរចិញ្ចឹមសត្វនៅក្នុង ក៏ចង់មានការកាត់បន្ថយឱ្យបានច្រើននូវការនាំចូលសាច់បង្កកនេះផងដែរ ពីព្រោះបើការនាំចូលកាន់តែច្រើន នឹងនាំប៉ះពាល់អាជីវកម្មចិញ្ចើមសត្វ និងលក់សាច់នៅក្នុងស្រុក។
តំណាងអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ មិនដែលមើលរំលងទេ ការចាប់សត្វរស់ សាច់សត្វ ស៊ុតសត្វ និងផលិតផលធ្វើពីសាច់សត្វ ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយស្ថាប័នពាក់ព័ន្ធ បង្ក្រាបបានជាបន្តបន្ទាប់៕