ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បានសម្រេចចោទប្រកាន់ជាផ្លូវការលើនារីស្រស់ស្អាតបើករថយន្តក្រោមឥទ្ធិពលគ្រឿងស្រវឹង រួចបានចេញដីកាបញ្ជាសំណុំឱ្យចៅក្រមស៊ើបសួរចំណាត់ការតាមនិតិវិធី ខណៈភាគីជនបង្កបានចរចារសម្របសម្រួលជាមួយក្រុមគ្រួសាររងគ្រោះសងសំណង ដើម្បីដកពាក្យបណ្តឹងវិញ។
តាមប្រភពព័ត៌មាន ពីមន្ត្រីអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ករណីខាងលើនេះ ត្រូវបានតំណាងអយ្យការ ចេញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលើជនសង្ស័យពីបទ: «បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។
តាមសេចក្តីរាយការណ៍ បានបង្ហើបថា ក្រោមការសម្របសម្រួលនៅតុលាការជនបង្កបានសងសំណងទៅកាន់ក្រុមគ្រួសារសពជនរងគ្រោះហើយគ្រួសាររងគ្រោះក៏បានសម្រេចដកពាក្យបណ្តឹងវិញផងដែរ!។
សូមជម្រាបថា នៅវេលាម៉ោង ១និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ត្រង់ចំណុច មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បង្កដោយរថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាក់ FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-0080 បើកបរដោយនារីស្រស់ស្អាតម្នាក់ បានបុកម៉ូតូអគ្គិសនី (អាគុយ) បណ្តាលឲ្យអូសជាច្រើនម៉ែត្រហើយអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗតែម្តង។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះ សុខ ម៉ាល័យ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លើឥវ៉ាន់នៅប្រលានយន្តហោះ ពោធិ៍ចិនតុង រស់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ពេលនេះតំណាងអយ្យការបានសម្រេចចោទប្រកាន់បញ្ជូនទៅចៅក្រមស៊ើបសួរបន្តនិតិវិធី ខណៈភាគីទាំងពីរបានចរចារសម្របសម្រួលត្រូវរ៉ូវគ្នាសងសំណង ដើម្បីដកពាក្យបណ្តឹងផងដែរ៕