2023-12-06 14:28
366

ភ្នំពេញ៖  លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងថា៖ គ្រប់បណ្ដាលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍គេមើលឃើញថា «ប្រទេសកម្ពុជា ជាប្រទេសដែលមានភាពអព្យាក្រិត សុក្រិតយុតិធម៌ មិនលម្អៀង និងចេះគោរពគ្រប់សមាជិកប្រទេសទាំងអស់ដែលចូលរួមការប្រកួតដោយស្មើភាពគ្នា និងអាជ្ញាកណ្តាលប្រកបដោយគុណភាព ត្រឹមត្រូវ និងយុត្តិធម៌ ទើបពួកគេសម្រេចចិត្តមកប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ នៅទីនេះដោយក្ដីសប្បាយរីករាយ»

 លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ នៅវិទ្យាស្ថានខេមអេដ។

 អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានលើកឡើងទៀតថា «សម្រាប់កម្ពុជាកាលពីការប្រកួតកីឡាស៊ីហ្គេមកម្ពុជាបានបន្ថែមអាជ្ញាកណ្តាលដែលទទួលស្គាលអន្តរជាតិ ចំនួន ០៦រូប ដូច្នេះយើងមានអាជ្ញាកណ្តាល សរុបចំនួន ០៦រូប សម្រាប់កីឡាករ-កីឡារិនីរបស់កម្ពុជា ក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួត ជាពិសេសសមត្ថភាពរបស់អាជ្ញាកណ្តាលក្នុងការគ្រប់គ្រងការប្រកួតបានល្អប្រសើរ»

 លោក ខេស៊ី បាណេត បានបន្ថែមទៀតថា «ជាធម្មតាយើងមានតំណាងសហព័ន្ធកីឡាចំបាប់អន្តរជាតិ តំណាងអាជ្ញាកណ្តាលអូឡាំពិកអន្តរជាតិគ្រប់គ្រងលើការប្រកួតនេះ ប៉ុន្តែក្រៅពីនេះ ទាំងការរៀបចំបច្ចេកទេស ទាំងប្រព័ន្ធការដាក់ពិន្ទុ គឺគ្រប់ភាគីទាំងអស់ដោយគេទុកចិត្តលើកម្ពុជា ដែលយើងមានអ្នកជំនាញបច្ចេកទេសគ្រប់គ្រាន់»

 លោក ខេស៊ី បាណេត បានបញ្ជាក់ថា «ប្រសិនបើយើងចូលក្នុងសារមន្ទីរជាតិ ឃើញមានរូបចំលាក់ស្តេចស្វា និងនៅលើជញ្ជាំងប្រសាទបាយ័ន ក៏មានចំលាក់កីឡាបំបាប់នេះដែរ ហើយកីឡាចំបាប់បុរាណនៅរក្សានៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសតែងតែមានការប្រកួតពេលមានបុណ្យចូលឆ្នាំប្រពៃណីខ្មែរម្តងៗ។ ដូច្នេះកីឡាករ-កីឡាការិនីរបស់យើងមកពីបណ្តាខេត្តភាគច្រើនជាកីឡាករបែបបុរណ ហើយជាការលើកទឹកចិត្តកីឡាចំបាប់ប្រពៃណីអាចចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ»

 លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ថា «យើងគាំទ្ររក្សាជាវប្បធម៌កីឡាបុរាណ និងបេតិភ័ណ្ឌអរូបីយដ៏មានតម្លៃសម្រាប់មនុស្សជាតិ និងជ្រើសប្រទេសផ្សេងៗទៀត ដើម្បីលេងកីឡាចំបាប់បុរាណនេះឱ្យពិភពលោកបានស្គាល់ផងដែរ»

 សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ នឹងចាប់ផ្ដើមដំណើរការប្រកួតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ដោយមានកីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ២៧៦នាក់ មកពីប្រទេសវៀតណាម ឡាវ ថៃ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះកម្ពុជា សម្រាប់ការប្រកួតនេះ គឺបែងចែកកម្រិតក្រោមអាយុ ១៧ឆ្នាំ ក្រោម ២០ឆ្នាំ និងកម្រិតលើស ២០ឆ្នាំ៕