ពោធិ៍សាត់៖ ក្មេងប្រុសជំទងម្នាក់ ត្រូវបានឪពុកចូលប្រយុទ្ធជាមួយសត្វខ្លាឃ្មុំដ៍ធំមួយក្បាល ដើម្បីជួយសង្រ្គោះអាយុជីវិត ខណ:ពេលអ្នកទាំងពីទៅដកគមក្រវាញ ក្នុងព្រៃស្រោងក្បែរជើងភ្នំខ្មោច ហើយត្រូវបានសត្វខ្លាឃ្មុំវាយប្រហារ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុច ដំណាក់ត្រឡាច ជាប់ជើងភ្នំខ្មោច ក្នុងព្រៃភ្នំខ្មោចភូមិសាស្ត្រ ភូមិឈើទាលជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ហ៊ុន រ៉ែម នាយប៉ុស្ត៍រដ្ឋបាលមូលដ្ឋានឃុំប្រម៉ោយឲ្យដឹងថា: មុនពេលកើតហេតុជនរងគ្រោះត្រូវបានឪពុកបង្កើតចេញពីផ្ទះទៅជួយដកគមក្រវាញ ដើម្បីយកទៅលក់ដោះស្រាយជីវភាព នៅម្ដុំជើងភ្នំខ្មោច ដែលមានចម្ងាយពីផ្ទះប្រមាណជា ៣គីឡូម៉ែត លុះទៅដល់ចំកើតហេតុខាងលើ អ្នកទាំងពីរក៍បាន ឃ្លាតចម្ងាយពីគ្នា ៤ទៅ៥ម៉ែត ចូលព្រៃស្រោងវែកព្រៃរកដកគមក្រវាញភ្លាមនោះ ជនរងគ្រោះជាកូនក៍បានជួបនឹងសត្វខ្លាឃ្មុំដ៍ធំមួយក្បាល វាក៍ភ្ញាក់ហើយលោតមកខាំបោកក្បាល និងយកជើងខ្វេះ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។
ឪពុកឃើញហេតុការណ៍បែបនេះ បានយកកាប់ដំបងចូលប្រយុទ្ធជាមួយសត្វខ្លាឃុំដើម្បីជួយសង្រ្គោះកូន ហើយខ្លាឃ្មុំនោះឈឺក៍រត់ចូលព្រៃស្រោងបាត់តែម្ដង។
លោកមេប៉ុស្ត៍ឃុំប្រម៉ោយ បានបន្តថា: ក្រោយពេលឪពុកសង្រ្គោះកូនប្រុសគាត់ពីខ្លាឃ្មុំបានយកមកលំនៅដ្ឋាន រូចក៍រាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ច ក៍បានយករថយន្តសង្រ្គោះ ដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យខេត្តពោធិ៍សាត់តែម្ដង។
លោកមេប៉ុស្ត៍បញ្ជាក់បន្ថែម ជនរងគ្រោះដែលត្រូវសត្វខ្លាឃ្មុំខាំ ឈ្មោះ រឹម រ៉ាន់ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិឃុំចំណុចកើតហេតុខាងលើ ដោយរងរបួសធ្ងន់ធ្ងរ គឺខ្លាឃ្មុំខាំត្រូវជើងខាងស្ដាំ និងត្រង់ក្បាល៕ លាន គ្រន