ភ្នំពេញ៖ ក្រុមជនអន្តោប្រវេសន៍ជនជាតិវៀតណាម ប្រុស-ស្រីចំនូន ២៥៧នាក់ ត្រូវបានកម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។
ក្រុមជនជាតិវៀតណាមទាំងនោះ ត្រូវបានបញ្ជូនទៅប្រទេសរបស់ពួកគេវិញ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញ ជនជាតិវៀតណាម សរុបចំនួន ២៥៧នាក់ ស្រី ៥៦នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបទល្មេីសអន្តោប្រវេសន៍ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ ស្តីពី អន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។
ជនជាតិវៀតណាមទាំង ២៥៧នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល និងត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វេីការសម្របសម្រួលជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត និងប៉ុស្តិ៍កងទព័ការពារព្រំដែនអន្តរជាតិម៉ុកបាយ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដេីម្បីធ្វេីការបណ្ដេញចេញទៅប្រទេសវៀតណាមវិញ។
ជនជាតិវៀតណាមត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសបទៈ ល្មេីសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបទល្មេីសអន្តោប្រវេសន៍រួមមាន៖ បទល្មេីសធ្វេីការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ ប្រេីប្រាស់ទិដ្ឋាការខុសគោលបំណង (ប្រេីទិដ្ឋាការទេសចរណ៍មកធ្វេីការងារ) និងឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសម្ពុជា។ កន្លងមក ប្រទេសកម្ពុជា បានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបទល្មេីសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានា ឲ្យកាន់តែមានប្រសិទ្ធភាព៕