ពោធិ៍សាត់: នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើមី្បបង្កើននូវភាពស្និទ្ធស្នាលជាមួយបងប្អូនអាជីវករនៅផ្សារបឹងកន្ទួត អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំអភិបាលរង និងអភិបាលស្រុក មន្ទីពាក់ព័ន្ធ ចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ ដែលបានកំពុង ធ្វើអាជីវកម្មលក់ដូរទំនិញ ដើមី្បក្តាប់នូវរាល់បញ្ហាមួយចំនួនរបស់បងប្អូនអាជីវករ។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកអភិបាលបានពិនិត្យឃើញថា៖ កំណើនអ្នកលក់ដូរ និងអាជីវករ មានចំនួនកាន់តែច្រើនឡើង រូមទាំងប្រជាពលរដ្ឋក៍មានកាកើនឡើងបន្តបន្ទាប់ រីឯកន្លែងលក់ដូរមានសភាពមិនទាន់សមរម្យនៅឡើយ ចំណែកស្ថានភាពផ្លូវក្នុងផ្សារ គឺតូចចង្អៀតធ្វើឲ្យអ្នកដំណើរចូលទិញអីវ៉ាន់ទៅមកតូចចង្អៀត និងមានកន្លែងខ្លះទឹកដក់ជាអន្លើ ជាពិសេសពេលមាន ភ្លៀង ធ្លាក់ម្តងៗ ដោយសារគ្មានប្រព័ន្ធលូសម្រាប់រំដោះទឹកចេញ ហើយនេះគឺជាកង្វល់ និងសំណូមពររបស់ បងប្អូន អាជីវករ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ អាជ្ញាធរមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទានរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់បវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ លោក ខូយ រីដា បានមានប្រសាសន៍ថាសំណូមពរដល់បងប្អូន អាជីវករក្នុង ផ្សារ ទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាណសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរឱ្យ មានសណ្តាប់ធ្នាប់ ជាសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសម្ចាស់ភាស៊ីផ្សារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ។
ជាចុងក្រោយលោកបាននែនាំឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន និងគណៈគ្រប់គ្រងផ្សារ ត្រូវធ្វើការទទួលខុសត្រូវខ្ពស់ លើការងារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជុំវិញទីផ្សារ ដោយមិនអនុញ្ញាតគ្រប់យានយន្ត បើកបរចូលក្នុងផ្សារ ដើមី្បទិញឥវ៉ាន់នោះឡើយ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឱ្យបានល្អ ដើមី្បធានាដល់ចរន្តទឹកហូរបានទាន់ពេល មិនបង្កឱ្យមានការកកស្ទះឡើយ៕