2023-12-08 13:18
342

 ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ចូនជនសង្ស័យ០២នាក់ទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធបទល្មើសអំពើ លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ធាក់ និងកាប់ប្លន់យកម៉ូតូ) កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី ត្រង់ចំណុចខាងមុខហាងដៃអូន ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

   សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឃឹម គឹមហ៊ា ហៅចាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៨ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ  ។
ចំណែកជនសង្ស័យចំនួន០២នាក់ ទី១ឈ្មោះ ពៅ ឌូ ហៅអាហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌុមានជ័យ ,និងទី២ឈ្មោះ សុខ តុលា ហៅតុ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

   -វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ  ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ 1kk-8727 មានលេខតួនិងលេខម៉ាស៊ីន0086765 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ),២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1KG-0520  មានលេខតួនិងលេខម៉ាស៊ីន0083947 ចំនួន០១គ្រឿង(របស់ជនសង្ស័យ)។

     គួររំលឹកថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះឈ្មោះ ឃឹម គឹមហ៊ា ហៅចាន់ ភេទប្រុស អាយុ១៩ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ  ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ 1KK-8727 ម្នាក់ឯងចេញពីបន្ទប់ជួល ដើម្បីទៅរកការងារធ្វើនៅម្តុំព្រៃស។ ពេលជនរងគ្រោះបើកម៉ូតូម៉ាកខាងលើ ទិសដៅពីលិចទៅកើត ដល់ត្រង់ចំណុចខាងមុខហាងដៃអូន ត្រង់ចំណុចកេីតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា០៤នាក់ជិះម៉ូតូ០២គ្រឿង ទី១ម៉ូតូម៉ាកហុងដាសេ១២៥ ទី២ម៉ូតូម៉ាកស្កូបពី ពណ៌ស ជិះស្របទិសគ្នាជាមួយជនរងគ្រោះ។  ពេលនោះជនសង្ស័យបានជិះម៉ូតូមកអែបខាងឆ្វេងដៃជនរងគ្រោះ រួចធ្វើសកម្មភាពធាក់កងម៉ូតូខាងមុខរបស់ជនរងគ្រោះបណ្កាលឱ្យដួល ហើយបក្ខពួកជនសង្ស័យបានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះចំនួន០១កាំបិតបណ្តាលឱ្យរងរបួសត្រង់ចន្លោះមេដៃខាងស្តាំ(របួសសើរស្បែក)និងរងរបួសលើដើមដៃខាងឆ្វេងដោយសារដួលម៉ូតូ រួចក្រុមជនសង្ស័យបានយកម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះជិះគេចខ្លួនទៅទិសខាងលិចបាត់ ។ ដោយឡែកជនរងគ្រោះក៏បានស្រែកថាចោរៗ រួចកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុក៏បានជួយអន្តរាគមន៍ដេញតាមក្រោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ពៅ ឌូ ហៅអាហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងវត្ថុតាងនៅ ត្រង់ចំណុចខាងមុខផ្សារឯករាជ្យ៣ សង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ  វេលាម៉ោង១៥និង២០នាទីថ្ងៃខែឆ្នាំដដែល ។ បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោក៏បានទៅសហការណ៍ជាមួយនឹងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះសុខ តុលា ហៅតុ ភេទប្រុស អាយុ១៨ឆ្នាំ រួមនិងវត្ថុតាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1KG-0520  ចំនួន០១គ្រឿង(របស់ជនសង្ស័យ) ត្រង់ចំណុចសង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១៥និង៤០នាទី ថ្ងៃខែឆ្នាំដដែល យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។      

    បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ពៅ ឌូ ហៅអាហ្វុង និងឈ្មោះ សុខ តុលា ហៅតុ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពធាក់និងកាប់ប្លន់ជាមួយបក្ខពួកចំនួន០២នាក់ទៀតទី១ឈ្មោះ ហ័ង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញទី២ឈ្មោះ ស៊ីង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី សង្កាត់មានជ័យ២ ខណ្ឌមានជ័យ(គេចខ្លួន) យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ចំនួន០១គ្រឿង (របស់ជនរងគ្រោះឃឹម គឹមហ៊ា ហៅចាន់) ប្រាកដមែន ។ 

     ក្រោយពីមានចម្លើយសារភាពរបស់ជនសង្ស័យហើយសមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនជនសង្ស័យខាងលេី ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕