2023-12-08 17:34
294

ភ្នំពេញ៖ មេធាវីតំណាងឲ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុប ប្តឹងក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំដោយឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ទៅកាន់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍ ទាមទាមឱ្យលោកអនុរដ្ឋលេខាធិការប្រគល់ស្រា ចំនួន ៤៨ដប ដែលក្រុមការងារបានដកហូត ព្រមទាំងស្នើសុំឱ្យប្រគល់ប្រាក់ ចំនួន ១០ម៉ឺនដុល្លារ ឱ្យកូនក្រីរបស់ខ្លួនវិញ ដែលបានយកក្នុងអំឡុងពេលចុះប្រតិបត្តិការចុះឆែកឃ្លាំងស្តុបទំនិញមួយកន្លែង។

តាមពាក្យបណ្តឹងរបស់លោកមេធាវី អ៊ូច សុភត្រា អត្តលេខ៧០១ ការិយាល័យក្រុមមេធាវី ស៊ីនហាន មានអាសយដ្ឋាន ផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាមេធាវីតំណាងឲ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុប ចុះថ្ងៃទី០៦ ខែតុលាការ ឆ្នាំ២០២៣ គោរពជូនលោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវបានបែកធ្លាយ បានប្តឹងក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំដោយ ឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការនេះ។
តាមបណ្តឹងរបស់ជាមេធាវីតំណាងឲ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុប បានរៀបរាប់ឱ្យដឹងថា៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានក្រុមប្រតិបត្តិការរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មួយក្រុម ដែលដឹកនាំដោយ ឯកឧត្តម គឹម ជាតិ អនុរដ្ឋលិខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការបានចូលមកក្នុងទីតាំង ឃ្លាំងស្រាស្របច្បាប់របស់ ក្រុមហ៊ុនកូនក្តីរបស់ខ្លួន ដោយចោទប្រកាន់ថា «ផលិតផលរបស់ក្រុមហ៊ុនកូនក្តីរបស់ខ្លួន មានដូចជា ស្រាចំរុះ និង ប្រេងកូឡា ប្រេងខ្យល់មិនស្របច្បាប់ ហើយតំរូវឱ្យដកហូតយកមួយចំនួនទៅពិនិត្យ និងតំរូវឱ្យបិទសៀលលើទ្វារឃ្លាំងមិនឱ្យក្រុមហ៊ុនកូនក្តីលោកធ្វើអាជីវកម្មបាន និងទាមទារប្រាក់ ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរនិងការបើកឱ្យដំណើរការអាជីវកម្មធម្មតាវិញ។ 

បណ្តឹងរបស់មេធាវីតំណាងក្រុមហ៊ុននេះ បានបញ្ជាក់ថា «ដោយខ្លាចរាំងស្ទះដល់ដំណើរការអាជីវកម្មក្រុមហ៊ុនក៏បានយល់ព្រមប្រគល់សាច់ប្រាក់សុទ្ធឱ្យក្រុម ឯកឧត្តម គឹម ជាតិ តាមការទាមទារ នៅល្ងាចថ្ងៃដដែល និងបង្គាប់ឱ្យអ្នកតំណាងក្រុមហ៊ុន ផ្តិតមេដៃព្រមទទួលលើកិច្ចសន្យា ស្នើសុំកែប្រែកំហុស ដោយលើលិខិតនោះ ពុំមានចុះលេខចេញរបស់លេខាធិកាដ្ឋានជាផ្លូវការឡើយ។ ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុនកូនរបស់ខ្លួនបាទបានទទួលដំណឹងពីការប្រកាសរបស់ក្រសួងមហាផ្ទៃផ្សព្វផ្សាយឲ្យអ្នកដែលទទួលរងភាពអយុត្តិធម៌ ដោយសារគណៈកម្មការនេះ ដាក់ពាក្យប្ដឹងមកអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ»។

លោកមេធាវី អ៊ូច សុភត្រា ជាមេធាវីតំណាងឲ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុប បានសំណូមពរស្នើសុំដល់ឯកឧត្តមអគ្គាធិការ ដូចខាងក្រោម៖ ១- ស្នើសុំឱ្យ ឯកឧត្តម គឹម ជាតិ ប្រគល់ស្រា ចំនួន ៤៨ដប ដែលបានដកហូតក្រុមហ៊ុនវិញ។ ២- ស្នើសុំឱ្យ ឯកឧត្តម គឹម ជាតិ ប្រគល់ប្រាក់ ចំនួន $100,000 (ដប់ម៉ឺនដុល្លារអាមេរិក)ឱ្យមកក្រុមហ៊ុនកូនក្តីគាត់វិញ និង ទី៣- ស្នើសុំឱ្យ ឯកឧត្តម អគ្គាធិការ មានវិធានការផ្លូវច្បាប់ចំពោះ ឯកឧត្តម គឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។

ក្នុងករណីនេះ មេធាវីតំណាងឱ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច»  ស្នើសុំឱ្យអគ្គាធិការដ្ឋានមេត្តាជួយអន្តរាគមន៍ និងមានវិធានការច្បាប់ តាមនីតិវិធីចំពោះទង្វើ និងសកម្មភាព ឯកឧត្តម គឹម ជាតិ ដែលបានប្រព្រឹត្តិកន្លងមក ដើម្បីផ្តល់នូវយុត្តិធម៌ សេចក្ដីថ្លៃថ្នូរ និងកិត្តិយសដល់ក្រុមហ៊ុនផងដែរ។

នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារ MSJ TV មិនទាន់សុំការបំភ្លឺ ឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធានក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ជុំវិញការចោទប្រកាន់ ពីសំណាក់លោកមេធាវី អ៊ូច សុភត្រា ជាមេធាវីតំណាងឱ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» ប្តឹងទៅអគ្គាធិការក្រសួងមហាផ្ទៃ បាននោះឡើយទេ អង្គភាពយើងខ្ញុំរងចំការបកស្រាយបំភ្លឺគ្រប់ពេលវេលា៕