2023-12-08 17:37
432

កណ្ដាល៖      មន្ត្រីយោធាម្នាក់ ដែលកំពុងរៀនសូត្រ និងហ្វឹកហ្វឺន នៅសាលាយោធាឫស្សីកែវ ដែលបានលោតពីលើស្ពានព្រែកសំរោងសម្លាប់ខ្លួន ពេលសាកសពត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែត នៅកោះអន្លង់ចិន។

សាកសពជនរងគ្រោះឈ្មោះ យិន ដារ៉ាវុធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាមន្ត្រីយោធាកំពុងបន្តការរៀននៅសាលាហ្វឹកហ្វឺនឬស្សីកែវ ដែលមានទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ  រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋអ្នកនេសាទប្រទះឃើញ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ស្ថិតក្នុងទន្លេបាសាក់ ក្នុងភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្ត្រីឈ្មោះ ចាន់ ថាវី ត្រូវជាម្តាយរបស់ជនរងគ្រោះ បានឱ្យក្រុមអ្នកសារព័ត៌មានដឹងថា កូនរបស់គាត់ មានវិបត្តិធ្ងន់ធ្ងរ និងអន់ចិត្តជាមួយគូដណ្តឹងជាច្រើនលើក ហើយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៣០នាទី  ឪពុក និងម្តាយបានជិះម៉ូតូឌុបគ្នាចេញពីកន្លែងហូបអាហារ ក្នុងក្រុងតាខ្មៅ ដើម្បីត្រឡប់ទៅផ្ទះវិញ  ប៉ុន្តែដល់លើស្ពានព្រែកសំរោង  កូនប្រុសរបស់គាត់បានធ្វើជាជ្រុះស្បែកជើង ពេលម្តាយចុះរើសស្បែកជើងឱ្យជនរងគ្រោះក៌លោតទឹកពីលើស្ពានលិចបាត់ក្នុងទន្លេងតែម្តង។ 

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល និងសាច់ញាតិជនរងគ្រោះបានខិតខំស្វែងរក ប៉ុន្តែមិនប្រទះឃើញជនរងគ្រោះឡើង លុះរហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ទើបអ្នកនេសាទប្រទះឃើញប្រាប់ក្រុមគ្រួសារ និងរាយការណ៍ជូនសមត្ថកិច្ចផងដែរ។
     
មន្ត្រីជំនាញផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ និងកោសលវិច្ឆ័យ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានទៅពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕