2023-12-08 19:39
323

ភ្នំពេញ៖ នៅថ្ថៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុស-ស្រី សរុបចំនួន០៦នាក់ ទៅតុលាការជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបាន ចំនួន ០៣ករណីផ្សេងៗគ្នា។ 
  ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង០៣ករណីខាងលើ រួមមាន៖ 
- ករណីទី១៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ា សីហា ហៅស្នា ភេទប្រុស អាយុ ២៨ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ផ្លូវបេតុង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងករ ណីនេះ សមត្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លា សរុបចំនួន ០២កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។ 
- ករណីទី២៖ កាលពី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ព្រាប ផារុន ភេទប្រុស អាយុ ៣២ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លា សរុបចំនួន ០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

- ករណីទី៣៖ កាលពី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យប្រុស-ស្រីចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 
ជនសង្ស័យទាំង ០៤នាក់ រួមមាន៖ ១- ឈ្មោះ កែវ ស្រីដា ភេទស្រី អាយុ ២៥ឆ្នាំ, ២- ឈ្មោះ សេង សុធាវី ភេទស្រី អាយុ ២៦ឆ្នាំ, ៣- ឈ្មោះ ណុប សុផារ៉ាត់  ភេទប្រុស អាយុ ២៨ឆ្នាំ និង ៤- ឈ្មោះ យស់ ដារ៉ាអ៊ុយ ភេទស្រី អាយុ ១៩ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន២កញ្ចប់ធំ, ជញ្ជីងអេឡិកត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត។ 
បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប៕