2023-12-08 19:49
362

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូឆ្នាំ ២០២៣នេះ អាជ្ញាធរខណ្ឌដូនពេញបានធ្វើការអញ្ជើញស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាប់សត្វព្រាបនៅសួនមុខព្រះបរមរាជវាំងដាក់ក្នុងទ្រុង ធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា មិនឲ្យមានសកម្មបែបនេះទៀតឡើយ។ ក្នុងករណីមិនរាងចាលនោះអាជ្ញាធរនឹងលែងឲ្យលក់សត្វចាបនៅទីតាំងបន្តទៀតនោះទេ។
   ក្រោយអាជ្ញាធរធ្វើការអប់រំណែនាំរួចស្ត្រីចំណាស់ម្នាក់នោះបានធ្វើការសុំទោសដល់សាធារណៈជននិងធ្វើការសន្យាមិនឲ្យមានលើកក្រោយទៀតនោះទេ។ការចាប់សត្វព្រាបនេះមិនមែនយកទៅធ្វើម្ហូបនោះទេគឺដោយមានម៉ូយកម្ម៉ង់សត្វព្រាប ចំនួនពីរក្បាលនិងឲ្យលុយគាត់ចំនួន ២ម៉ឺនរៀលដើម្បីយកទៅលែង។
   បន្ថែមទៀតនោះអាជ្ញាធរខណ្ឌដូនពេញបានចុះមកដល់ទីតាំងសួនមុខព្រះបរមរាជវាំងធ្វើការអប់រំណែនាំដល់អ្នកប្រកបអាជីវកម្មលក់សត្វចាបនិងលក់ផ្កា ឲ្យចូលរួមថែរក្សាបរិស្ថានអនាម័យទាំងអស់គ្នា និងមិនឲ្យមានសកម្មភាពធ្វើការចាប់សត្វព្រាបដូចអ៊ុំស្រីម្នាក់នោះឡើយ។
   គួរបញ្ចាក់ផងដែរ សកម្មភាព ស្រ្តីចំណាស់ម្នាក់ចាប់សត្វព្រាបនោះបានកើតឡើងកាលពីវេលាម៉ោង ០២រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចសួនច្បារមាត់ទន្លេ មុខព្រះបរមរាជវាំង មូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាម បណ្ដាញសង្គម បានបង្ហោះវីដេអូ មួយឃ្លីប បានលើកឡើងថា វាពិតជារឿងដែលគួរឲ្យហួស ចិត្ត និង ទង្វើរបស់ អ៊ុំស្រីម្នាក់ ជាអ្នកប្រកបរបរ លក់សត្វចាប (រស់) ដែលស្ត្រីវ័យចំណាស់ បានធ្វើសកម្មភាព បាចចំណី រួចចាប់ សត្វព្រាបជាច្រើនក្បាល យកទៅដាក់ក្នុង ទ្រុងដាក់សត្វចាបទៅវិញ៕