2023-12-08 19:53
428

(កំពត)៖   កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣ លោក ឈឹម ម៉េង នាយកតំបន់ការពារទេសភាពអន្លង់ព្រីងបានប្រាប់ឲ្យដឹងថា សត្វក្រៀលបានមកចុះរកចំណីជាថ្ងៃដំបូង នៅមុខនិងទីស្នាក់នៅបឹងធម្មជាតិអន្លង់ពី្រង នេះបើការតាមដានពេញមួយថ្ងៃវត្តមានសត្វកម្រប្រភេទនេះទើបតែមានចំនួនពីរក្បាល់តែប៉ុណ្ណោះនៅបឹងធម្មជាតិជាធម្មតាដែលមានរវាង ៤ ឬ៥ ថ្ងៃខាងមុខពួកវានឹងត្រឡប់ទៅវិញរយៈពេលខ្លីដើម្បីនាំហ្វូងឃុំរបស់វាមកចុះស្នាក់នៅពេញមួយរដូវតែម្ដង។
​​​​  មន្ត្រីជំនាញបានប្រទះឃើញសត្វក្រៀលដ៏កម្រចំនួន ២ក្បាល បានចុះដំបូងគេសម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤ នៅបឹងធម្មជាតិអន្លង់ព្រីង ស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ជាទីដែលពពួកសត្វកម្រប្រភេទនេះតែងមកស្នាក់ដើម្បីរកចំណីជាទៀងទាត់មុនធ្វើបន្លាស់ទីទៅកាន់កន្លែងបន្ទាប់។
    បើតាមការរបស់នាយកតំបន់បាននិយាយជារួម សត្វក្រៀលទាំងនោះមុននិងមកបែបនេះប្រៀបបាននឹងបេសកជនចុះពិនិត្យសភាពការណ៍ដូចច្នោះដែរ។
គួបញ្ជាក់ដែរថាតំបន់អន្លង់ព្រីង ជាកន្លែងដ៏សំខាន់សម្រាប់សត្វក្រៀលមកស្នាក់នៅ និងរកចំណី ក្រោយពេលពួកសត្វកម្រប្រភេទនេះធ្វើបន្លាស់ទីមកពីតំបន់អភិរក្សបឹងព្រែកល្ពៅ ខេត្តតាកែវ អំឡុងចុងខែវិច្ឆិកា ឬនៅក្នុងដើមខែធ្នូឆ្នាំ២០២៣នេះហើយលុះដល់ចុងខែមេសា ឬដើមខែឧសភា ពួកវានឹងចាកចេញពីតំបន់បឹងអង្លង់ព្រីង ទៅស្នាក់នៅខេត្តឧត្តរមានជ័យ រួចបន្តដំណើរទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

   បើតាម លោក ឈឹម ម៉េង នាយកតំបន់បានឱ្យដឹងថាសត្វក្រៀលទាំងនោះនារដូវកាលឆ្នាំ២០២១-២០២២ វត្តមានសត្វក្រៀលនៅបឹងអន្លង់ព្រីង មានចំនួន ១៥៦ក្បាល រីឯឆ្នាំ២០២២-២០២៣ សត្វក្រៀលមានវត្តមានចំនួន ១០៣ក្បាល គឺមានការថយចុះ។
   មន្ត្រីបរិស្ថាន និងអ្នកជំនាញរបស់អង្គការដៃគូកំពុងសិក្សាស្រាវជ្រាវបន្តដើម្បីបានដឹងថា តើការថយចុះរបស់សត្វក្រៀលមកពីមូលហេតុអ្វី។(សឹង រ៉ាត់)