ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានសម្រេចធ្វើអធិបញ្ហាទៅអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអម សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យប្តឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌលេខ ៥៥ “គ” ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង តាមកំណត់នៃច្បាប់ នៅក្នុងសំណុំរឿងបទៈ «ល្មើសសម្អាតប្រាក់» ដោយការធ្វេសប្រហែសមិនត្រូវបានសម្រេចរឹបអូសវត្ថុតាងដែលដកហូតក្នុងសំណុំរឿងនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ មានបណ្ដាញសង្គមហ្វេសប៊ុក បានផ្សព្វផ្សាយនូវព័ត៌មានមួយ ដែលមានខ្លឹមសារថា «រឿងនៅខេត្តកំពង់ឆ្នាំង! មន្ត្រីអនុវត្តន៍ច្បាប់ផ្ញើសារមកបង្ហាញអារម្មណ៍អន់ចិត្ត ចំពោះលោក ចៅក្រមដែលបានផ្តន្ទាទោសមេក្លោងជួញដូរគ្រឿងញៀន ០៥តោន ជាប់ពន្ធនាគារត្រឹម ១០-២០ឆ្នាំ ខណៈកន្លងមក មេក្លោងជួញដូរគ្រឿងញៀនត្រឹម ៤-១០គីឡូក្រាម ជាប់ពន្ធនាគារអស់មួយជីវិត......»។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដើម្បីមានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយអំពីករណីនេះ ក្រសួងយុត្តិធម៌ បានចាត់ឱ្យក្រុមការងារអធិការកិច្ចចុះធ្វើការស្រាវជ្រាវជាបន្ទាន់ នៅសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ហើយទទួលបានលទ្ធផលដូចខាងក្រោម៖
១- សាលាដំបូងខេត្តកំពង់ឆ្នាំង បានទទួលចាត់ការសំណុំរឿងបទល្មើសគ្រឿងញៀន លេខ ៧៤២ ចុះ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងបានពន្លាតការស៊ើបអង្កេត ប្រឆាំងការសម្អាតប្រាក់ផងដែរ។
២- ចំពោះសំណុំរឿងបទល្មើសគ្រឿងញៀន លេខ ៧៤២ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២៖ សាលាដំបូង ខេត្តកំពង់ឆ្នាំងបានចេញសាលក្រមព្រហ្មទណ្ឌលេខ ៧០ “ឃ” ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដោយសម្រេច ផ្តន្ទាទោសជនជាប់ចោទចំនួន ១០នាក់ ដោយក្នុងនោះ ជនជាប់ចោទ ០៤ នាក់ ដាក់ពន្ធនាគារកំណត់ម្នាក់ៗ ២០ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤០លានរៀល ពីបទរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន, ជនជាប់ចោទ ០៥នាក់ ដាក់ពន្ធនាគារកំណត់ម្នាក់ៗ ២០ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤០លានរៀល ពីបទ សមគំនិតក្នុងការរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងជនជាប់ចោទ ១ នាក់ ដែលជា ស្ត្រីខ្មែរទើបសម្រាលកូនបាន ១ ខែ ដាក់ពន្ធនាគារកំណត់ ១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០លានរៀល ពីបទ៖ សមគំនិតក្នុងការរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ស្របតាមមាត្រា ៤៨ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។ ទន្ទឹមនេះ សាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានសម្រេចរឹបអូសវត្ថុតាងដែលជាកម្មវត្ថុ និងមធ្យោបាយប្រព្រឹត្តបទល្មើស ដែលមានរថយន្ត ចំនួន ០២គ្រឿង និងទូរសព្ទ ចំនួន ០២គ្រឿង។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកថា ការសម្រេចផ្តន្ទាទោសនេះ គឺផ្អែកទៅលើលទ្ធផលកោសលវិច័យរបស់មន្ទីរពិសោធន៍គ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមលិខិតលេខ ៣៨៥១១/២២ ម.ព.អ.ជ.ប.គ.ញ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបញ្ជាក់អំពីបរិមាណសុទ្ធ នៃសារធាតុកតាមីន ចំនួន ៤,៨០ ភាគរយ នៃទម្ងន់សរុប ៤៧៧៥ គីឡូក្រាម និង ៩៩៨ ក្រាម និងផ្អែកតាមកថាខណ្ឌទី៦ នៃមាត្រា ៤៨ នៃច្បាប់ស្តីពី ការត្រួតពិនិត្យ គ្រឿងញៀន ដែលចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ទៅ ២០ (ម្ភៃ) ឆ្នាំ និងត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពី ២០.០០០.០០០ (ម្ភៃលាន) ទៅ ៤០.០០០.០០០ (សែសិបលាន) រៀល ក្នុងករណីដែល ការប្រព្រឹត្តបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោមនេះ៖
១- បើបណ្តាសារធាតុញៀនដែលស្ថិតក្នុងតារាងទី៣ មានបរិមាណសុទ្ធចាប់ពី ៣០០ (បីរយ) ក្រាម ឡើងទៅ។
២- បើសារធាតុញៀនដែលស្ថិតក្នុងតារាងទី៣ ចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសរុប នៃសារធាតុទាំងនោះស្មើនឹងបរិមាណសុទ្ធនៃសារធាតុញៀនដែលបានកំណត់នៅក្នុងចំណុចទី១ នៃកថាខណ្ឌនេះ។
ផ្អែកតាមមូលដ្ឋានខាងលើ ក្រសួងយុត្តិធម៌ពិនិត្យឃើញថា «ការសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង គឺជាការសម្រេចដែលត្រឹមត្រូវ និងតឹងរ៉ឹង ដោយបានផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ដល់កម្រិត អតិបរមានៃទោសដែលច្បាប់បានកំណត់»។
៣- ចំពោះសំណុំរឿងបទល្មើសសម្អាតប្រាក់ លេខ ៨៥៣ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២៖ សាលាដំបូង ខេត្តកំពង់ឆ្នាំងបានចេញសាលក្រមព្រហ្មទណ្ឌលេខ ៥៥ "គ" ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយសម្រេច ផ្តន្ទាទោសជនជាប់ចោទចំនួន ១០នាក់ ដដែលខាងលើនេះ ដោយដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ៣ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ១០០លានរៀល ព្រមទាំងរឹបអូសទ្រព្យសម្បត្តិរបស់ជនជាប់ចោទ ដែលមានគណនី ធនាគារ ចំនួន ១៤, អចលនវត្ថុ ចំនួន ២៥កន្លែង និងរថយន្ត ចំនួន ០២គ្រឿង។ ដោយឡែក វត្ថុចាប់យកមួយចំនួន ជាអាទិ៍ ប្រាក់សុទ្ធមួយចំនួន (ប្រាក់ដុល្លារអាមេរិក, ប្រាក់រៀល, ប្រាក់បាតថៃ, ប្រាក់យ៉ន់ចិន...) ទូរសព្ទ និង គ្រឿងអលង្ការមួយចំនួនទៀត ដែលមាននៅក្នុងកំណត់ហេតុប្រគល់វត្ថុចាប់យកលេខ ៦៤២ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣មិនត្រូវបានសម្រេចរឹបអូសនៅក្នុងសាលក្រមព្រហ្មទណ្ឌលេខ ៥៥ “គ” ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នោះទេ។
ចំពោះករណីនេះ ក្រសួងយុត្តិធម៌ពិនិត្យឃើញថា៖ នៅក្នុងសំណុំរឿងបទល្មើសសម្អាតប្រាក់នេះ, សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចរឹបអូសវត្ថុចាប់យកជាច្រើន ប៉ុន្តែតុលាការនេះ មិនបានសម្រេចចំពោះវត្ថុចាប់យកមួយចំនួនដែលនេះជាចំណុចឆកល្វែង នៅក្នុងសេចក្តីសម្រេចរបស់តុលាការ។ តាមការចុះពិនិត្យជាក់ស្ដែង, វត្ថុចាប់យកទាំងអស់ដែលមិនទាន់ត្រូវបានសម្រេច ហើយដែលមាននៅក្នុងកំណត់ហេតុប្រគល់ ត្រូវបានរក្សាទុកនៅក្នុងឃ្លាំងរបស់តុលាការយ៉ាងត្រឹមត្រូវ។
ផ្នែកតាមផ្លូវច្បាប់, គ្មានបុគ្គលណាអាចដកយកវត្ថុចាប់យកដែលតុលាការមិនទាន់បានសម្រេច ទាំងអស់នេះដោយមិនមានសេចក្ដីសម្រេចរបស់តុលាការនោះទេ ព្រោះវត្ថុទាំងនេះមាន នៅក្នុងកំណត់ហេតុកត់ត្រាត្រឹមត្រូវ ហើយរាល់ការដកយកវត្ថុដោយជនណាមួយមកធ្វើជា កម្មសិទ្ធិដោយខុសច្បាប់ គឺជាអំពើដែលជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស ដោយច្បាប់ព្រហ្មទណ្ឌជាធរមាន។
ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «ដើម្បីធានានូវភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ ជាពិសេសពាក់ព័ន្ធនឹងវត្ថុចាប់យកដែលមិនត្រូវបាន សម្រេចរឹបអូសខាងលើនេះ ក្រសួងយុត្តិធម៌បានសម្រេចធ្វើអធិបញ្ហាទៅអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអម សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យប្តឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌលេខ ៥៥ “គ” ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង តាមកំណត់ច្បាប់»៕