ភ្នំពេញ ៖ គួរឱ្យរន្ធត់ខ្លាំងណាស់! ខណៈដែលបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ដោយសារត្រូវជនសង្ស័យមិនស្គាល់មុខចាក់មួយកាំបិតចំពីក្រោយខ្នងចំហៀងស្មាខាងឆ្វេង
ករណីឃាតកម្មនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណេីរនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅលេីផ្លូវបេតុង កែងផ្លូវលេខ២៧១ ក្បែរគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កន វឿន ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយគ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោងប្រមាណជា៤ទៀបភ្លឺឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋដើរហាត់ប្រាណ ខណៈដេីរមកដល់ក្បែរកន្លែងកើតហេតុក៏ក្រឡេកឃើញបុរសរងគ្រោះបានដេកដួលផ្កាប់មុខក្នុងថ្លុកឈាម ទេីបមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរចុះទៅពិនិត្យមើលជនរងគ្រោះឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាងបានចុះមកដល់ទីតាំងកើតហេតុហើយយកខ្សែហ៊ុមព័ទ្ធជុំវិញទីតាំងសព រួចក៏ទាក់ទងទៅខាងជំនាញកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តដើម្បីឱ្យចុះមកពិនិត្សសពបុរសរងគ្រោះ ។
ក្រោយពីកម្លាំងជំនាញពិនិត្យទៅលើសពរួចក៏បានបញ្ជាក់ថា សពបុរសរងគ្រោះត្រូវបានគេចាក់មួយកាំបិតចំពីក្រោយខ្នងចំហៀងស្មាខាងឆ្វេងទើបបណ្ដាលឱ្យស្លាប់ ហើយករណីខាងលើនេះគឺជាករណីឃាតកម្ម ដោយជនសង្ស័យមិនស្គាល់មុខបានចាក់សម្លាប់ជនរងគ្រោះ ។ ក្នុងករណីនេះ សមត្ថកិច្ចបានឱ្យគ្រួសារជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាងដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃាតកដើម្បីយកមកចាត់ការទៅតាមច្បាប់៕