2023-12-11 18:51
278

កំពង់ស្ពឺ៖ រោងបណ្តុះផ្សិត ចំនួន ១៧ ខ្នង ស្ថិតកសិដ្ឋានដាំដុះមួយកន្លែង ស្ថិតផ្លូវជាតិលេខ ៣ ក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង ៧យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដោយមិនទាន់ដឹងមូលហេតុ។
   ករណីឆេះកសិដ្ឋានបណ្តុះផ្សិតខាងលើ អគ្គិភ័យបានឆេះអស់រោងបណ្តុះផ្សិតទំហំ ៦ម៉ែត្រគុណនឹង១២ម៉ែត្រ ចំនួន ១៧ ខ្នង  រួមទាំងសម្ភារៈជាច្រើនទៀត។ ក្រោយពេលកើតហេតុរថយន្តបន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចេញអត្តរាគមន៍ប្រតិបត្តិការចុះបាញ់ទឹក ដើម្បីទប់ស្កាត់ផងដែរ។
   តាមរបាយការណ៍ប៉ូលិស បានឱ្យដឹងថា ប្រតិបត្តិការអន្តរាគមន៍ពន្លត់ករណីគ្រោះអគ្គិភ័យ ខាងលើនេះដែរ កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ និងសង្គ្រោះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី ចំនួន ០១គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំនួន ០១គ្រឿង រថយន្តបញ្ជាការដ្ឋានអង្គរក្ស ក្រាំងចេក ចំនួន ០១គ្រឿង រថយន្តបន្ទាយកងអង្គរក្ស ៩២១ ព្រែករការ ចំនួន ០១គ្រឿង រថយន្តអង្គភាព (ង៧០) ចំនួន ០៣គ្រឿង សរុបចំនួន ០៧គ្រឿង ស្ថានការណ៍នេះបានទាំងស្រុង ដោយប្រើប្រាស់ទឹក សរុបអស់ចំនួន ០៨រថយន្ត។
   សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យ ខាងលើនេះ មិនទាន់់ដឹងមូលហេតុច្បាស់លាស់ទេ មិនបង្កឱ្យឆេះរាលដាលដល់ផ្ទះអ្នកដទៃ ឬមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ៕