2023-12-15 15:48
298

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៥៤២គ្រួសារ ដែលមានជីវភាពក្រីក្រ ខ្វះខាតក្នុងជីវភាពរស់នៅ ស្ថិតក្នុងចំណាត់ថ្នាក់ (ក្រ១, ក្រ២) មកពី៦ភូមិ នៅសង្កាត់ព្រែកប្រា បានទទួលបណ្ណសមធម៌ និងបណ្ណទទួលរងហានិភ័យ ពីអាជ្ញាធរខណ្ឌច្បារអំពៅ សម្រាប់យកទៅប្រើប្រាស់ ក្នុងការពិនិត្យព្យាបាលជំងឺផ្សេងៗដោយមិនបង់ប្រាក់។

ពិធីប្រគល់-ទទួលបណ្ណនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោក គិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ តំណាងលោកអធិការនគរបាលខណ្ឌ, លោកស្រីអភិបាលរងខណ្ឌ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់។

លោក ចេង មុនីរ៉ា បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋថា គោលនយោបាយគាំពារសង្គមនេះ ត្រូវបានដាក់ចេញឲ្យអនុវត្ត តាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា សំដៅធ្វើយ៉ាងណា លើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ។ បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងអនុវត្តបន្ត ក្នុងគោលដៅរួមតែមួយ គឺលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ នៅគ្រប់ខេត្ត ក្រុង រាជធានី ស្រុក ខណ្ឌ។អភិបាលខណ្ឌ បានពន្យល់ពីអត្ថប្រយោជន៍ នៃបណ្ណសមធម៌ និងបណ្ណទទួលរងហានិភ័យ ដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានបណ្ណនេះ ដើម្បីយកទៅប្រើប្រាស់ឲ្យចំទិសដៅ ជាពិសេសគឺសម្រាប់ទទួលសេវា ពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃ ថែមទាំងទទួលបាន ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលទៀតផង នៅពេលណាដែលបងប្អូនទៅពិនិត្យសុខភាព តាមគោលការណ៍ ណែនាំរបស់មន្ត្រីសុខាភិបាល។

ចាប់ពីពេលនេះតទៅ សូមបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាស្ថានភាព ស្ថេរភាពនយោបាយសង្គម ចូលរួមថែរក្សាសន្តិភាព ដើម្បីឲ្យរដ្ឋាភិបាលមានឱកាស ទ្រទ្រង់ជីវភាព និងសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនថែមទៀត។

បន្ទាប់ពីទទួលបានបណ្ណសមធម៌ និងបណ្ណទទួលរងហានិភ័យ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាល និងអភិបាលរាជធានីភ្នំពេញ តាមរយៈលោកអភិបាលខណ្ឌច្បារអំពៅ ដែលបានយកចិត្តទុកដាក់ ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ដើម្បីលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានខណ្ឌ៕