2023-12-15 20:07
351

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទើបទទួលបាននូវការតែងតាំងថ្មី បានប្តេជ្ញាយ៉ាងមុតមាំថា៖ នឹងបន្តបេសកកម្មរបស់ខ្លួនឱ្យបានល្អ រៀបចំការបោះឆ្នោត ទៅតាមអាណត្តិ ឱ្យប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានពីម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «ជំហរឥតងាករេរបស់ គ.ជ.ប ដើម្បីរួមចំណែកកសាងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតនៅកម្ពុជា»។ 

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា៖ ក្រោយពីការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរ បណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលហៅកាត់ថា “អ៊ុនតាក់” កម្ពុជាបានប្តេជ្ញាចិត្តរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតដោយខ្លួនឯងផ្ទាល់សំដៅធានាឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ 

យោងតាមស្មារតីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យមួយ ត្រូវបានបង្កើតឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៨ ដែលគិតមកដល់ពេលនេះ គ.ជ.ប
បានរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតទាំងសកល ទាំងអសកលបាន ចំនួន ១៧លើក រាចមកហើយ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ស្តីពី ការបោះឆ្នោតជាធរមាន ដោយមានការចូលរួមរបស់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតយ៉ាងច្រើនលើសលប់ បើប្រៀបធៀបទៅនឹងប្រទេសប្រជាធិបតេយ្យក្នុងតំបន់ និងពិភពលោក។ 

លទ្ធផលនេះ សបញ្ជាក់ឱ្យឃើញនូវឆន្ទៈ និងជម្រើសរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន។ 

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ត្រូវបន្តបេសកកម្មរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតអសកលចំនួនពីរ នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ស្របតាមការកំណត់នៃច្បាប់។ 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មី នេះ រួមនឹងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដែលជា សេនាធិការលើការងារបច្ចេកទេស មានជំនឿយ៉ាងមុតមាំថា «ខ្លួននឹងរៀបចំការបោះឆ្នោតអសកលទាំងពីរនេះ ប្រកបដោយជោគជ័យដូចការសន្យារបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាឱកាសប្រកាសចូលកាន់តំណែង»៕