2023-12-16 11:01
285

ភ្នំពេញ៖ យុវតីម្នាក់នៅខេត្តត្បូងឃ្មុំ ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើបណ្តាញទំនាក់ទំនងយ៉ាងខ្លាំង ក្រោយពីយុវតីរូបនេះ បានបង្ហោះនូវខ្លឹមមួយចំនួនពាក់ព័ន្ធករណីជនជាតិវៀតណាម (ញុះញុងឲ្យមានការរើសអើងជាតិសាសន៍) គឺជាកំហុសដោយអចេតនា ពេលនេះនាងបានសុំទោស និងសន្យាមិនឲ្យរឿងបែបនេះកើតឡើងទៀតទេ មិនតែប៉ុណ្ណោះទទួលបានការសន្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជួយផ្គត់ផ្គង់ជីវភាពគ្រួសារ និងការរៀនសូត្រផងដែរ។ 

 នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះសារលើប្រព័ន្ធ Telegram យ៉ាងដូច្នេះថា «ស្តាប់ការលើកឡើងរបស់ចៅស្រី បងប្រុសរបស់នាងព្រមទាំងម្តាយបង្ហាញថានេះជាកំហុសដោយអចេតនាអំពីការបង្ហោះខ្លឹមសារ និងរូបភាពគ្មានមូលដ្ឋាន»។ 

 សម្តេចតេជោបានសរសេរបន្ថែមថា «ចៅស្រីបានសុំទោស និងសន្យាមិនឲ្យរឿងបែបនេះកើតឡើងទៀតឡើយ។ ចៅស្រីចង់បន្តរៀនពិតជាត្រឹមត្រូវ តា និងយាយនឹងជួយចៅស្រីឲ្យបន្តការរៀនសូត្ររហូតសម្រេចនូវបំណងរបស់ចៅ»។ 

 សម្តេចតេជោ ហ៊ុន សែន បានឲ្យលោក សេង ទៀង តំណាងរបស់តានឹងទាក់ទងទៅចៅ និងគ្រួសារចៅដើម្បីពិភាក្សាអំពីជីវភាពគ្រួសារ និងការរៀនសូត្ររបស់ចៅ។ 

 យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ ពាក់ព័ន្ធគណនីឈ្មោះ «Serey Vattanak» គ្រប់គ្រងដោយ ឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ បច្ចុប្បន្នមានទីលំនៅ ភូមិជីពាង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានបង្ហោះសារ និងធ្វើការចែករំលែក ជាច្រើនក្នុងបណ្ដាញ សង្គមហ្វេសប៊ុក (Facebook) ដោយបានញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ និងបំភ្លៃនិយាយអំពីរឿង «ជនជាតិយួន ទឹកដីខ្មែរក៏លួចមកដល់សម័យឥលូវនេះហើយ យួនចូលសេរីពេញស្រុកខ្មែរទៀត ដោយប្រើប្រាស់រូបភាពជាច្រើន និងការភ័យខ្លាចមានអាជ្ញាធរមកចាប់ខ្លួន ។ល។» 

 ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ជូនសាធារណជន និងប្រជាពលរដ្ឋប្រើប្រាស់បណ្ដាញ សង្គមហ្វេសប៊ុក(Facebook) មេត្តាជ្រាបដូចខាងក្រោមៈ 

 ១- ពុំមានការឃាត់ខ្លួនឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ ខាងលើនោះទេ 

 ២- រូបភាពដែលបានបង្ហោះ និងចែករំលែកបន្ត គឺជារូបភាព ផ្ទះរបស់សាមាជិកសមាគមន៍អតីត យុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រខ្វះខាត ពុំមានលទ្ធភាពគ្រប់គ្រាន់ ដែល សាងសង់ផ្ទះ បែងចែកជូន សមាជិកអតីតយុទ្ធជនកម្ពុជាបានសាងសង់ និងបែងចែកជូនពួកគាត់ ក្នុងឆ្នាំ២០២៣នេះ ដើម្បីដោះស្រាយការលំបាកជូនពួកគាត់ គោលដៅកាត់បន្ថយភាព ក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ និង អាណត្តិទី៧។ 

 សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចែករំលែកនូវខ្លឹមសារដែលបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ «Serey Vattanak» ដែលនិយាយអំពីជនជាតិវៀតណាមមករស់នៅលើទឹកដីកម្ពុជាច្រើន និងព្រួយបារម្មណ៍អំពីការបាត់បងទឹកដីខ្មែរ ដែលខ្លឹមសារនេះ បានបង្ហាញអំពីការរើសអើងជាតិសាសន៍តែម្តង៕