2023-12-16 11:58
289

ក្រចេះ៖ សកម្មភាពដឹកជញ្ជូនបទល្មើសផលអនុផលព្រៃឈើឆ្លងដែនដោយខុសច្បាប់ យកទៅលក់នៅប្រទេសវៀតណាម កំពុងតែកើតមានយ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ តាមច្រកព្រំដែនទ្វេភាគី «ជ័យឃ្លាំង» ស្ថិតក្នុងភូមិសាស្ត្រក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយសង្ស័យថាមានឃុបឃិតជាមេប៉ុស្តិ៍ព្រំដែនជាមួយក្រុមឈ្មួញបើកភ្លើងខៀវ ទើបរថយន្តឆ្លងកាត់ព្រំដែនបានយ៉ាងរលួនបែបនេះ។

 សេចក្តីរាយការណ៍ ជាក់ស្តែង នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ សង្កេតឃើញមានរថយន្តកែច្នៃ និងរថយន្តសាំយ៉ុងជាច្រើនគ្រឿង បានបើកឆ្លងកាត់ច្រកព្រំដែនទ្វេភាគី «ជ័យឃ្លាំង» ឃុំក្រញូងសែនជ័យស្រុកស្នួល បានឱ្យដឹងថា ក្រុមឈ្មួញធំរកស៊ីដឹកជញ្ជូនបទល្មើសឈើ និងធ្យូងឆ្លងកាត់រៀងរាល់យប់ ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងត្រងចំណុចព្រំដែននោះមិនបង្ក្រាបឡើយ។

 តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មតាមច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម «ជ័យឃ្លាំង» ភាគច្រើនក្រុមឈ្មួញប្រមូលទិញពីភូមិសាស្ត្រនានាក្នុងស្រុកចិត្រ និងតំបន់ជាច្រើនទៀត។ ប្រភពបានបន្ថែមថា ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ «ជ័យឃ្លាំង» គ្រប់គ្រងលោក អ៊ាម សុខលីម និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត កំពុងរងការរិះគន់ ព្រោះតែបើកដៃឱ្យក្រុមឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើយកទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ ឬបង្ក្រាបឡើយ។

 ពាក់ព័ន្ធបញ្ហាខាងលើ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារ MSJ TV មិនអាចសុំការបំភ្លឺបន្ថែមពីលោក អ៊ាម សុខលីម ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគី «ជ័យឃ្លាំង» អំពីការបើកទ្វាព្រំដែន អនុញ្ញាតិឱ្យរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនដោយខុសច្បាប់ យកទៅលក់នៅប្រទេសវៀតណាមបាននៅឡើយទេ៕