2023-12-16 12:52
349

កែប៖  ឧបទ្ទវហេតុគ្រោះថ្នាក់ចរចរណ៍ រវាងខ្សែរថយន្តភ្លើង ចំនួន ០២គ្រឿង របស់ក្រុមហ៊ុន Royal Railway Cambodia បានជ្រុលបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យធ្លាក់ផ្លូវដែកក្រឡាប់ ប៉ុន្តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់អាយុជីវិតដល់មនុស្សណាម្នាក់ឡើយ។

 សេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុកគ្នានេះ បានកើតឡើង នៅវេលាម៉ោងជាង ៥ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុច ស្ថានីយ៏រថភ្លើង ដំណាក់ចង្អើរ ក្នុងសង្កាត់ព្រៃធំ ក្រុង-ខេត្តកែប។ 

 សេចក្តីរាយការណ៍ បានឱ្យដឹងថា ក្បាលរថភ្លើងមួយគ្រឿង អូសទូកុងតឺនរ័ដឹកទំនិញបានឡាប់ធ្លាក់ចេញពីផ្លូវដែកបណ្តាលរងការខួចខាត ប៉ុន្តែគ្មានមនុស្សរងគ្រោះថ្នាក់ឡើយ។ តាមប្រភពបានបន្ថែមថា រថភ្លើងទាំង ០២ខ្សែ បើករទិសដៅបញ្ច្រាសគ្នា គឺ មួយគ្រឿងធ្វើដំណើរមកពីក្រុងព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ និងមួយគ្រឿងទៀត ក្នុងទិសដៅមកពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ។

 បច្ចុប្បន្ន សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ចំណុចកើតហេតុ ហើយក្រុមហ៊ុនខ្សែររថយន្តភ្លើងកំពុងធ្វើការដោះស្រាយស្ទួចក្បាលរថយន្តភ្លើង ទូរកុយងតឺន័រផ្ទុកទំនិញឡើងវិញ៕