2023-12-16 12:57
408

ខេត្តក្រចេះ ៖ ក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួចមក នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ លោក នេត្រ ភាក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តក្រចេះ ។

   សូមបញ្ជាក់ថា ៖ តាមរបាយការណ៍លើកឡើងរបស់ លោកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ បានអោយដឹងពីដំណើរការផ្សាយក្នុងខេត្ត មានស្ថានីយ៍វិទ្យុ ៦ ស្ថានីយ៍ ផ្សាយផ្ទាល់ ៤ ស្ថានីយ៍ ផ្សាយបន្ត ២ ស្ថានីយ៍ ទូរទស្សន៍ ៦ ស្ថានីយ៍ អង្គភាពគេហទំព័រ ២ អង្គភាព ។

  ស្នាក់ការអង្គភាពសារព័ត៌មាន មាន ២ ស្នាក់ការ អ្នកសារព័ត៌មានដែលចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្ត មាន ១៨ អង្គភាព និងមានភ្នាក់ងារយកព័ត៌មាន ២៦ នាក់ ។

 សូមរម្លឹកថា៖ បន្ទាប់ពីត្រូវបានចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ បានបើកកិច្ចប្រជុំដើម្បីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង ៧ របស់ខេត្តក្រចេះសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ 

 ពិធីប្រកាសជាផ្លូវការនូវសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុង ស្រុកទាំង៧ ខេត្តក្រចេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្រពខេត្តក្រចេះ។

 ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានប្រធាន អនុប្រធាន និងសមាជិកសរុប ១៤១ នាក់ដែលជាសមាសភាពអញ្ជើញមកពីក្រសួងស្ថាប័ននានា។

 ដែលជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា អស់លោក លោកស្រី ជាអគ្គនាយករង តាមបណ្តាក្រសួង ស្ថាប័នក្នុងជួររាជរដ្ឋាភិបាល។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះបាន ថ្លែងថាក្រុមការងារដែលបង្កើតឡើងនេះគឺជាបណ្តុំធនធានមនុស្ស និងជាកម្លាំងស្នូលដើម្បីចូលរួមគាំទ្ររដ្ឋបាលខេត្តក្រចេះក្នុងការពង្រឹងសមត្ថភាពដឹកនាំ និងចូលរួមដោះ ស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋក្នុងខេត្តក្រចេះ។ 

 ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តនិងអាជ្ញាធរក្រុងស្រុកនៃខេត្តក្រចេះ ប្រធានក្រុមការងារបានចែកសមាសភាពនៃក្រុមការងារចុះមូលដ្ឋានចុះមូលដ្ឋានក្រុងស្រុកដោយក្នុងនោះ៖ ១-ក្រុមការងារចល័តនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដែលជាបណ្តុំថ្នាក់ដឹកនាំជារដ្ឋលេខាធិការនិងអនុរដ្ឋលេខាដែលនឹងចុះជួយក្រុមការងារក្រុងស្រុកនានាតាមការចាត់តាំង។ ២-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះមាន លោក ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាប្រធាន។ ៣- ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះដឹកនាំឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ៤-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ខេត្តក្រចេះដឹកនាំដោយ លោក  ហុីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន។

 ៥-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះដឹកនាំដោយ លោក  សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ៦-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នូល ខេត្តក្រចេះដឹកនាំដោយ លោក លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ៧-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំបូរដឹកនាំដោយ លោក ទាន សុសេរី រដ្ឋលេខាធិការក្រសួងផែនការ ។ ៨-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងក្រចេះដឹកនាំដោយ លោក  កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន។

 ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តក្រចេះ ត្រូវបានប្រគល់ភារកិច្ចជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។

 អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។ ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឱ្យចូលរួមក្នុង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមការចាំបាច់។

 ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ  ឯកឧត្តម នេត្រ ភក្ត្រា ផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាលថ្មី ចុះមូលដ្ឋាន ក្រុង ស្រុក ទាំង ៧ នៃខេត្តក្រចេះ ត្រូវតែខិតខំប្រឹងប្រែងក្នុងការបំរើប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា អោយបន្តដឹកនាំប្រទេសជាតិបានកាន់តែរីកចំរើន និងរក្សាបានសុខសន្តិភាពទៅមុខទៀត។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងអោយរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិតនិងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានអោយកាន់តែមានការរីកចំរើន ៕