តូក្យូ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ាសាយូគិ ហ្យូដូ (Masayuki Hyodo) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលេចថា «កម្ពុជាដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០»។
នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ាសាយូគិ ហ្យូដូ (Masayuki Hyodo) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ក្នុងជំនួបនេះ លោក ម៉ាសាយូគិ ហ្យូដូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពវិនិយោគទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន លើវិស័យជាច្រើន រួមមាន៖ ការផលិតបរិក្ខារអេឡិចត្រូនិក, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផ្សព្វផ្សាយ និងឌីជីថល ។ល។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ ចំពោះជំនួបជាមួយលោក ម៉ាសាយូគិ ហ្យូដូ ព្រមទាំងសហការី នាឱកាសនេះ និងបានថ្លែងអំណរគុណ ចំពោះការបោះទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយបានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាព នៃបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់នានា ដើម្បីផ្តល់នូវការលើកទឹកចិត្ត ដែលមានលក្ខណៈអនុគ្រោះ តម្លាភាព និងទាក់ទាញចំពោះវិនិយោគិនទាំងក្នុង និងក្រៅស្រុក »។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលេចបន្ថែមថា «បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត រហូតដល់ ៦២% ដែលជាកម្រិតឈានមុខមួយនៅក្នុងតំបន់។ ទន្ទឹមការសម្រេចបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ក៏ដូចជាបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០»៕