ភ្នំពេញ៖ នាយកសាខាធនាគារ «KB ប្រាសាក់» សាខាផ្សារដីហុយ ឃាត់ខ្លួនមន្ត្រីឥណទានម្នាក់ ដែលបានរៀបចំឯកសារអតិថិជនក្លែងក្លាយ ដើម្បីស្នើសុំកម្លីប្រាក់ចំនួន ២ ម៉ឺនដុល្លារ យកប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនបានសងធនាគារវិញ យកទៅប្រគល់ជូនសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ប្តឹងចោទប្រកាន់ពីបទ «រំលោភលើសេចក្តីទុកចិត្ត» និងបានកសាងសំណុំរឿងខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យជាភ្នាក់ងារឥណទាន ត្រូវបានចោទប្រកាន់ ខាងលើ មានឈ្មោះ អ៊ែល សារិត ហៅ រិត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកឥណទានធនាគារ KB ប្រាសាក់ ម.ក (សាខាផ្សារដីហ៊ុយ) មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស្រ៊ុន វាសនា ភេទប្រុស អាយុ ៣៩ឆ្នាំ ជានាយកធនគារ KB ប្រាសាក់ សាខាផ្សារដីហ៊ុយ ទីតាំងស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា បានរៀបរាប់ថា៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ អ៊ែល សារិត ក្នុងធនាគារយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លា ដើម្បីធ្វើការសាកសួរ ក្នុងករណីក្លែងបន្លំឯកសារស្នើសុំកម្ចីរបស់អតិថិជន និងករណីរំលោភលើទំនុកចិត្ត បន្លំយកប្រាក់ពីការផ្តល់កម្ចីឲ្យអតិថិជន ចំនួន ១៧,៦៦០.៩៣ដុល្លារ របស់ធនាគារ យកទៅប្រើប្រាស់ផ្ទាល់ខ្លួន។
ជនសង្ស័យជាបុគ្គលិកធនាគាររួបនេះ បានបន្លំឯកសារ ដូចជា ស្នាមមេដៃរបស់អតិថិជន ០២នាក់ ក្នុងនោះ ឈ្មោះ សំ ឧសភា និង ឈ្មោះ ហេង តាំងអេង លើកិច្ចសន្យាខ្ចីប្រាក់ចំនួន ៧ ០០០ដុល្លារ និង ចំនួន ១៣ ០០០ដុល្លារ, ធ្វើរបាយការណ៍ចំណូលចំណាយ, លិខិតបញ្ជាក់បុគ្គលិក, កិច្ចសន្យាការងារ និងតារាងប្រាក់ខែ ដើម្បីដាក់ស្នើសុំប្រាក់កម្ចីពីធនាគារ KB ប្រាសាក សាខាផ្សារដីហ៊ុយ ដោយខាងធនាគារបានអនុម័ត សរុបចំនួន ២០ ០០០ដុល្លារ (នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួន ៧ ០០០ដុល្លារ និង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួន ១៣ ០០០ដុល្លារ) និងបានបន្លំធ្វើជាអតិថិជនទូទាត់បង់ប្រាក់ប្រចាំខែមកធនាគារវិញ បានចំនួន ២ ៣៣៩.០៧ដុល្លារ និងនៅសល់ ចំនួន ១៧ ៦៦០.៩៣ដុល្លារ ជនសង្ស័យបានយកទៅប្រើប្រាស់ខ្លួនឯង។
ជនសង្ស័យក៏បានសារភាពថា «រូបគេពិតជាបានរៀបំធ្វើក្លែងបន្លំឯកសាររបស់អតិថិជន ចំនួន ០២នាក់ ដើម្បីដាក់ស្នើសុំប្រាក់កម្ចី ចំនួន ២០ ០០០ដុល្លារ ដូចការចោទប្រកាន់ប្រាកដមែន ប៉ុន្តែខ្លួនបានទូទាត់សងប្រាក់ទៅធនាគារមួយចំនួនហើយ គឺនៅសល់ប្រមាណ ១៧ ៦៦០.៩៣ ដុល្លារ និងសន្យាសងជាបន្តបន្ទាប់»៕