ស្ទឹងត្រែង៖ ភាពចម្រួងចម្រាស់គ្នាក្នុងការបើកពិធីដេញថ្លៃប្រមូលភាស៊ី ប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង កន្លងទៅថ្មីៗនេះ ដោយមានចោទប្រកាន់ពីមជ្ឈដ្ឋាននានាអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះ ពេលនេះអាជ្ញាធរខេត្តស្ទឹងត្រែង បានច្រានចោលរាល់ការចោទប្រកាន់ និងបានអះអាងថា «គណៈកម្មការដេញថ្លៃភាស៊ីរបស់រដ្ឋបាលខេត្តបានប្រជុំពិនិត្យ និងវាយតម្លៃលើពាក្យស្នើសុំដេញថ្លៃភាស៊ីកំពង់ចម្លង និងភាស៊ីចំណតរថយន្តក្រុងស្ទឹងត្រែង សម្រាប់ការធ្វើអាជីវកម្មឆ្នាំ២០២៤ ស្របតាមនីតិវិធីច្បាប់»។
ពាក់ព័ន្ធការដេញថ្លៃនេះ ត្រូវបានអាជីវករមួយរូប ផ្ទុះការតវ៉ាផ្អើលពេញបន្ទប់ដាក់ដេញថ្លៃ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីគណៈកម្មការដេញថ្លៃមិនអនុញ្ញាតឱ្យចូលរួមដេញថ្លៃប្រមូលភាស៊ីចំណតរថយន្តក្រុងស្ទឹងត្រែង ដោយចោទប្រកាន់ថាមានអំពើពុករលួយ បក្ខពួក ខណៈខ្លួបានបំពេញឯកសារគ្រប់រួមទាំងកក់ប្រាក់តាមនិតិវិធី និងត្រូវបានកម្លាំងសមត្ថកិច្ចក្រៀកនាំចេញពីបន្ទប់ដេញថ្លៃ និងបណ្តេញចេញក្រៅរបងមន្ទីរសេដ្ឋកិច្ចតែម្តង។
ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មានថា៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គណកម្មការដេញថ្លៃភាស៊ីរបស់រដ្ឋបាលខេត្តបានប្រជុំពិនិត្យ និងវាយតម្លៃលើពាក្យស្នើសុំដេញថ្លៃភាស៊ីកំពង់ចម្លង និងភាស៊ីចំណតរថយន្តក្រុងស្ទឹងត្រែង សម្រាប់ការធ្វើអាជីវកម្មឆ្នាំ២០២៤ ស្របតាមនីតិវិធីច្បាប់ ក្នុងនោះ អ្នកដាក់ពាក្យសុំដេញថ្លៃភាស៊ីចំណតរថយន្តក្រុងស្ទឹងត្រែង មានបេក្ខជន ចំនួន ០៥នាក់។ ឆ្លងតាមការពិនិត្យវាយតម្លៃយ៉ាងល្អិតល្អន់លើលក្ខណៈសម្បត្តិរបស់បេក្ខជនទាំង ០៥នាក់ គណកម្មការសម្រេចទទួលយកបេក្ខជន ចំនួន ០៤នាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមការដេញថ្លៃភាស៊ីចំណតរថយន្តក្រុង។
អាជ្ញាធរខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ បេក្ខជនឈ្មោះ ជា គួង មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានគណកម្មការបដិសេធមិនឱ្យចូលរួមដេញថ្លៃ ដោយមូលហេតុខាងក្រោម៖
១- ធ្លាប់ត្រូវបានរដ្ឋបាលក្រុងស្ទឹងត្រែង បញ្ឈប់ពីភ្នាក់ងារប្រមូលសំអាត និងដឹកជញ្ជូនសំរាមទីប្រជុំជនក្រុងស្ទឹងត្រែង នៅឆ្នាំ២០២២ ព្រោះមិនសហការ និងមិនអនុវត្តតាមកិច្ចសន្យា ជាមួយរដ្ឋបាលក្រុងស្ទឹងត្រែង ដែលធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្ត ចំពោះការផ្តល់សេវាដែលខ្វះការទទួលខុសត្រូវ។
២- លោក ជា គួង ដែលមានភរិយាឈ្មោះ ឃឹម សុខណា ជាតំណាងវិនិយោគសត្តឃាតដ្ឋាន មិនបានចូលខ្លួនដោះស្រាយ ចំពោះការមិនអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យា ក្នុងការសាងសង់សត្តឃាតដ្ឋានថ្មី ដោយត្រូវពន្យាពេលម្ដងហើយម្ដងទៀត តាំងពីខែមីនា ឆ្នាំ២០២១ រហូតត្រូវបានរាជរដ្ឋាភិបាល សម្រេចបញ្ចប់សុពលភាពកិច្ចសន្យាវិនិយោគ និងគោលការណ៍ដោះដូរសត្តឃាតដ្ឋានក្រុងស្ទឹងត្រែង ដោយតំរូវឱ្យប្រគល់សត្តឃាតដ្ឋានចាស់ជូនរដ្ឋវិញ តាមលិខិតលេខ២០៥២ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលិខិតលេខ ១០១/២៣ សជណ របស់រដ្ឋបាលខេត្ត ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ លោក ជា គួង នៅតែមិនបានចូលខ្លួន ដោះស្រាយប្រគល់សត្តឃាតដ្ឋានចាស់ក្រុងស្ទឹងត្រែង ជូនរដ្ឋវិញនៅឡើយទេ ហើយបច្ចុប្បន្ន ករណីនេះ កំពុងស្ថិតក្នុងនីតិវិធីច្បាប់។ នៅក្នុងដំណើរការដេញថ្លៃ នៅថ្ងៃទី១២ ខែធ្នូ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ជា គួង បានបង្ករការអុកឡុក និងតវ៉ាធ្វើឱ្យរំខានដំណើរការដេញថ្លៃ ទោះបីគណកម្មការពន្យល់ហេតុផលយ៉ាងណាក្តី ជាហេតុនាំឱ្យគណកម្មការ អនុវត្តវិធានការច្បាប់ ដោយស្នើសុំអន្តរាគមន៍សមត្ថកិច្ចជួយបញ្ឈប់សកម្មភាពរបស់លោក ជា គួង ឱ្យចាកចេញ និងវិលត្រឡប់ទៅគេហដ្ឋានវិញ»។
ជុំវិញភាពដ៏ចម្រូងចម្រាស់គ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែង ស្នើសុំឱ្យបញ្ឈប់ការបង្ហោះ និងការផ្សព្វផ្សាយឃ្លីបវីដេអូរដែលធ្វើឱ្យមានការភ័ន្តច្រឡំដល់ការអនុវត្តច្បាប់របស់សមត្ថកិច្ច។ ទន្ទឹមនេះ រដ្ឋបាលខេត្ត រង់ចាំទទួលដោះស្រាយតាមនីតិវិធីច្បាប់ និងតាមសមត្ថកិច្ចនូវរាល់ការមិនពេញចិត្តដោយប្រការណាមួយពាក់ព័ន្ធនឹងករណីនេះ។
តាមប្រពភព័ត៌មានគួរឱ្យទុកចិត្ត បានបង្ហើបថា ពាណិជ្ជករម្នាក់បានធ្វើលិខិតស្នើសុំ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីចុះធ្វើអធិការកិច្ចទៅលើមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាចសាធារណះ ដោយបំពាន និងស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នា២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវាដឹកជញ្ជូនសំរាម ដែលមានឈ្មោះ ដូចខាងក្រោមនេះ៖ ១- លោក ស៊ី សួន ជាអភិបាលរង ខេត្តស្ទឹងត្រែង ដែលជាប្រធានគណះកម្មការដេញថ្លៃភាស៊ីគ្រប់ភេទ។ ២- លោក ខេង ទិត្យសីហា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង។ ៣- លោក ឃឹម សួរ ជាប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ នៃមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ ៤- លោក សាយ កុសល ជាអភិបាលក្រុងស្ទឹងត្រែង និង ៥- លោក ចាន់ គឹមឈុន ជាប្រធានគណ:អាជីវករសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង។
ក្នុងករណីខាងលើ សំណើសុំ ឯកឧត្តម អភិសន្តិបណ្ឌិត មេត្តាអន្តរាគមន៍ទៅសាលាខេត្តស្ទឹងត្រែង ដើម្បីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ២០២៤ ឡើងវិញ ឲ្យមានតម្លាភាព និងដោះស្រាយថ្លៃសេវាដឹកជញ្ជូនសំរាមសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែងផងដែរ៕