កំពង់ស្ពឺ៖ មន្ត្រីប៉េអឹមខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ តេជមានជ័យ ឌីវេឡុបម៉ិន រៀលអ៊ិស្ទេត និងប្រពន្ធ តាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមបទៈចោទ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» និង បទៈ «សមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។
មន្ត្រីកងរាជអាវុធហត្ថខេតត្តកំពង់ស្ពឺ បានប្រាប់់ឱ្យដឹង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នេះថា ជនត្រូវចោទចំនួន ០២នាក់ ប្តី-ប្រពន្ធ ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែធ្នូម្សិលមិញ ក្រោមបទចោទៈ លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្តនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងទៀតថា ដោយមានការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៣៧ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ របស់លោក នាង ស៊ីណៃ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ទិត តុន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអង្គសេរី សង្កាត់សុព័រទេព ក្រុងច្បារមន ជាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យតេជមានជ័យ ឌីវីឡុបម៊ិន រៀលអ៊ិស្ទេត ពីបទៈ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន តាមមាត្រា ២៥៥ នៃច្បាប់ភូមិបាល» ប្រព្រឹត្តនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងបទៈ «សមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន តាមមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៥៥ នៃច្បាប់ភូមិបាល» ប្រព្រឹត្តនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ អ៊ឹង ណៃហួយ អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ត្រូវបានចាប់់ខ្លួន តាមដីកាលេខ ៥៣៨ របស់ចៅក្រមស៊ើបសួរ ជាប់ចោទពីបទៈ «រំលោភលើទំនុកចិត្ត តាមមាត្រា៣៨១ និងមាត្រា ៣៩៦ នៃក្រុមព្រហ្មទណ្ឌ» ប្រព្រឹត្តនៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
បច្ចុប្បន្ន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងបំពេញនិតិវិធី និងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕