ស្វាយរៀង៖ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដ៏ធំសរុបចំនួន ៤៩នាក់ ក្នុងនោះ មានជនជាតិខ្មែរ ចំនួន ០២នាក់ បានប្រមូលម្តុំគ្នាយកទីតាំងអាគារផ្ទះសំណាក់ និងការ៉ាអូខេ យីហោ «ណានយ៉ាង៨៩» កណ្តាលក្រុងបាវិត ជាកន្លែងលួចលាក់ កែច្នៃ ផលិត ជួញដូរ រក្សាទុក ចាត់ចែងសម្រួល ឲ្យប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ ព្រមទាំងកាន់កាប់ រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត។
ប្រតិបត្តិការបង្ក្រាប មុខសញ្ញាជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៣និង៣០នាទីទាបភ្លឺ ស្ថិតក្នុង បុរី សមសួន ត្រង់អាគារផ្ទះសំណាក់ និងខារ៉ាអូខេ យីហោ «ណានយ៉ាង៨៩» ភូមិបាវិតកណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយប្រតិបត្តិការដ៏ក្តៅគគុក ត្រូវបានបញ្ចប់ ហើយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នេះ សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបង្ហាញមុខក្រុមឧក្រិដ្ឋជន ចំនួន ៤៩នាក់ ស្រី ១២នាក់ ក្នុងនោះមានជនជាតិខ្មែរ ០២នាក់។
ដោយអនុវត្ត តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនិតិវិធីផ្ទាល់ពី លោក ខាំ សុផារី ព្រះរាជអាជ្ញា លោក ហួត វិចិត្រ និងលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលក្រុងបាវិត វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៩ បានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងកែឆ្នៃ ផលិតគ្រឿងញៀន, ជួញដូរ, រក្សាទុក, ចាត់ចែងសម្រួលឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត។
ការបង្ក្រាបទីតាំង កែច្នៃ ផលិត ចែកចាយ និងប្រើប្រាស់គ្រឿង ក្នុងផ្ទះសំណាក់ និងការ៉ាអូខេ យីហោ «ណានយ៉ាង៨៩» ដកហូតបានសារធាតុញៀន សរុបទម្ងន់ ១៥ គីឡូក្រាម ៣០៨,៧៤ ក្រាម ក្នុងនោះមាន៖ ថ្នាំញៀន ប្រភេទ កេតាមីន ទម្ងន់ ៥ គីឡូក្រាម ៦៨៨,១៩ក្រាម, ថ្នាំញៀន ប្រភេទ អិចស្តាស៊ី ទម្ងន់ ៧ គីឡូក្រាម ១៤៩,៣៤ក្រាម, ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ទម្ងន់ ៤៩២,០៨ ក្រាម, នីមេតាហ្សេប៉ាម ទម្ងន់ ១.៩៥១,៥២ ក្រាម, មេតំហ្វេតាមីន (WY) ទម្ងន់ ១៦,៣១ ក្រាម, ម្សៅចំរុះពណ៌ (MDMA) ទម្ងន់ ១១,៣១ ក្រាម, រុក្ខជាតិក្រៀម ទម្ងន់ ៣៥០,៨១មក្រាម, សារធាតុមិនច្បាស់លាស់ ទម្ងន់ ៤២.១៤៣,១១ ក្រាម, សារធាតុគីមី ១០៣២ ក្រាម, សារធាតុគីមីផ្សំ ៥៥០០ ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១៤ គ្រឿង, ម៉ាសុីនកែឆ្នៃផលិត និងម៉ាសុីនវេចខ្ចប់ រួមជាមួយឧបករណ៍សម្ភារ:មួយចំនួន, អាវុធខ្លី ចំនួន ០៣ដើម គ្រាប់ចំនួន ១៥០ គ្រាប់ និងលិខិតឆ្លងដែន ចំនូន ១៩ ក្បាល។
ក្នុងប្រតិបត្តុការនោះ ដកហួតទ្រព្យសម្បត្តិ រួមមាន រថយន្ត ចំនួន ០៥ គ្រឿង និងទូរសព្ទដៃ ៤៥ គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕